ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានឲ្យដឹងថា សមត្ថកិច្ចអាវុធហត្ថ ទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ឡុង ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនាមកលើកូនប្រុសរបស់គាត់ឈ្មោះ ហ៊ឹម សុវណ្ណារាជ អាយុ១៥ឆ្នាំ ក្នុងខណ:ពេលកូនប្រុសរបស់គាត់សុំទៅដើរលេងជាមួយមិត្តភក្តិឈ្មោះ ឈិត និងឈ្មោះ ខេង ក្រោយមកស្រាប់តែឮថាកូនប្រុសរបស់គាត់ត្រូវបានជនមិនស្គាល់មុខចំនួន០២នាក់ ជិះម៉ូតូដេញកាប់បណ្ដាលឱ្យរងរបួសចំកែងដៃខាងស្ដាំ ដោយគ្រាន់តែដឹងភ្លាម ម្ដាយបានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងភា្លម លោកបានដឹកនាំកម្លាំងរបស់លោកចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅវេលាម៉ោង១៣និង០៦នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ព្រមទាំងដកហូតបានកាំបិតដងវែង ពណ៌ខ្មៅ ប្រវែង៦០សង់ទីម៉ែត្រ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំអំពីរឿងហេតុដែលកើតឡើង ។
ជនសង្ស័យឈ្មោះ នឿន វ៉ាន់សាក់ (ហៅសាក់) ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយពីកម្លាំងជំនាញសាកសួររួចមក បានឆ្លើយសារភាពថា ខ្លួនគេមានគ្នា០២នាក់ ម្នាក់ទៀតឈ្មោះ ហឹង ហាំង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៦ល្ងាច ពួកគេបានអង្គុយលេងនៅមុខផ្ទះមិត្តភក្តិស្ថិតក្នុងភូមិព្រះពន្លា ក្រុងសិរីសោភ័ណ ស្រាប់តែពួកគេឃើញក្រុមពួកអាការ៉េមកី (គឺពួកជនរងគ្រោះ) ដែលជាគូរទំនាស់នឹងគ្នាកន្លងមកចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿងមកឌឺដងដាក់ពួកគេ ឃើញដូច្នេះ ពួកខ្លួនបានជិះម៉ូតូដេញតាមកាប់រហូតដល់ចំណុចផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រូបខ្លួនបានយកកាំបិតដែលដាក់នៅចំហៀងម៉ូតូកាប់ទៅលើក្រុមអារ៉េមកីបណ្ដាលឱ្យរបួសម្នាក់ ដោយឈ្មោះ ហឹង ហាំង ជាអ្នកបើកម៉ូតូ ។ក្រោយពីធ្វើសកម្មភាពរួច ពួកគេទាំង០២នាក់ បានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុ ឆ្ពោះទៅតាមបណ្ដោយផ្លូវជាតិលេខ៥៦ រហូតដល់ចំណុចការ៉ាស់ធ្វើរថយន្ត ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឈ្មោះ ហឹង ហាំង បានឱ្យខ្លួនចុះពីលើម៉ូតូដើម្បីធ្វើការគេចខ្លួន ចំណែកឈ្មោះ ហឹង ហាំង បានជិះម៉ូតូគេចខ្លួនផងដែរ ។លុះដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ទើបសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណមកឃាត់ខ្លួនគេតែម្ដង ។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះ និងតាមស្ដាប់ចម្លើយរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។ ចំណែកឈ្មោះ ហឹង ហាំង កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកាំបិត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងហើយ ៕