រថយន្តតាកូម៉ា បុករះរថយន្តបន្ត៣គ្រឿងបន្តបន្ទាប់ ផ្អើលពេញផ្លូវក្បែរផ្សារទួលសង្កែ
សន្តិសុខសង្គម
536

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាក តាកូម៉ា បើកទៅបុកពីក្រោយរថយន្តអាល់ផាត រួចរុញទៅបុកបន្តរថយន្តចំនួន២គ្រឿងទៀត សរុប៣គ្រឿង និងបណ្តាលឲ្យរថយន្តទាំងអស់រងការខូចខាត កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ១០៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AU-2256 បើកបរក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តខាងលើបានទៅបុកពីក្រោយគូទរថយន្ត Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2088 ដែលបើកបរក្នុងទិសដៅស្របគ្នា ហើយរថយន្តតាកូម៉ា ក៏បានបើកថយក្រោយ ក្នុងគោលបំណងបើករត់គេចខ្លួន តែក៏បានទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-6633 បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងបែកស្តុបក្រោយ រួចរថយន្តតាកូម៉ា ក៏បន្តបើករត់គេចទៀត ក៏ទៅបុកជាមួយរថយន្តមួយគ្រឿង ម៉ាក អ៉ីនហ្វីនីត QX56 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-8118 បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ កៀបជាប់គ្នា ទើបរថយន្តបង្កតាកូម៉ាខាងលើមិនអាចបន្តដំណើរទៅមុខទៀតបាន ។ បន្ទាប់ពីកើតហេតុ រួចអ្នកបើកបររថយន្តម៉ាកតាកូម៉ា ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនតែម្តង។

ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនបង្កយកទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែទី១ និងបានហៅជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងសងខាងទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕


Telegram