ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈភ្ញៀវទេសចរ បានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកមកទើនៅឆ្នេរលំហែកាយ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងឡើយគឺមានភ្ញៀវទេសចរ៣នាក់ បាននាំគ្នាដើរតាមឆ្នេរខាងលើ លុះដល់ចំណុចកើតហេតុ ក៏ឃើញសាកសពមនុស្ស អណ្តែតទើនៅចំណុចកើតហេតុ ដែលមានចម្ងាយពីតូបលក់ដូរបស់ខ្លួនប្រមាណ២០០ម៉ែត្រ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកពិនិត្យតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយនោះទេ គ្រាន់តែដឹងថាជាមនុស្សប្រុស អាយុប្រហែល៣០ឆ្នាំ ស្លៀកខោខ្លីពណ៌ស ពាក់អាវយឺតពណ៌ស ស្រោមជើងពណ៌ស ។ ចំណែកមូលហេតុនៃការស្លាប់នៅមិនទាន់ដឹងនៅឡើយ រង់ចាំសមត្ថកិច្ចជំនាញពិនិត្យឲ្យបានល្អិតល្អន់សិន ព្រោះសាកសពត្រូវដឹកយកទៅពិនិត្យនៅសាលតម្កល់សពនៃមន្ទីពេទ្យបង្អែកចំការចេក ៕