ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅចំណុចស្តុបព្រែកហូរ ខណៈមានករណីគ្រោះថ្នាក់ចរារណ៍ រវាង រថយន្តដឹកទំនិញមួយគ្រឿង បុកម៉ូតូ០៣គ្រឿង រួចក្រឡាប់កិនបន្ថែម បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់០៤នាក់ រងរបួសធ្ងន់ តែក្នុងនោះ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏មានជនរងគ្រោះម្នាក់ ក្នុងចំណោម៤នាក់នោះ បានស្លាប់ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបព្រែកហូរ លើផ្លូវជាតិលេខ២ កែងផ្លូវ១១៥ ស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-6360 បើកបរដោយឈ្មោះ យិន សុខជា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត (ឃាត់ខ្លួន ) បើករថយន្តពីលិចទៅកើតល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ដោយជាន់ហ្វ្រាំងមិនជាប់ ក៏បណ្តាលឲ្យទៅបុកម៉ូតូ ដែលនៅពីមុខចំនួន០៣គ្រឿងបន្តបន្ទាប់ ដែលកំពុងបើកបរស្របទិសគ្នា រួមមាន
-ម៉ូតូទី១ម៉ាក Suzuki viva ពណ៌ខ្មៅ ពាក់ស្លាក លេខកំពង់ ស្ពឺ 1B-6713 អ្នកបើកឈ្មោះ ទូច ស៊ី បរិញ្ញា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងប្រពន្ធរួមដំណើរពីក្រោយឈ្មោះ ណារ៉ុង ផល្លា ភេទស្រី អាយុ៤១ឆ្នាំ (រងរបួសធ្ងន់ ) ។
-ម៉ូតូទី២ម៉ាក HONDA Dream 125 ពណ៌ខ្មៅ ពាក់ស្លាក លេខកណ្ដាល 1V-4909 បើកបរដោយឈ្មោះ ពៅ រតនា ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (របួសធ្ងន់ ) ។
-ម៉ូតូទី៣ម៉ាក HONDA Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-2903 អ្នកបើកម៉ូតូ មានឈ្មោះ ផុន វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមួយកន្លែងផ្នែកទីផ្សារ និងមានប្រពន្ធកូន ចំនួន០២នាក់ នៅក្នុងបន្ទុក មានទីលំនៅ ស្រុកចម្ការលើ ខេត្តកំពង់ចាម (ស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ សម្ភពម៉ាលិស នៅខណ្ឌដង្កោ រាជធានី ភ្នំពេញ ) ។
ក្នុងហេតុការណ៍នេះ ក៏បានបណ្តាលឲ្យខូតខាតម៉ូតូទាំង៣គ្រឿង ធ្ងន់ធ្ងរ ខណៈរថយន្តនោះ ក៏បានក្រឡាប់ខ្ជាក់ទំនិញចេញមកពេញផ្លូវផងដែរ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការបន្តតាមនីតិវិធច្បាប់៕