ខេត្តកណ្តាល ៖ កាលពីព្រឹកម្សិលមិញនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ខណៈរថយន្តមួយគ្រឿង បានបើកឡានធ្លាក់ពីលើដរ នៅកំពង់ចម្លងព្រែកតូច លិចបាត់ចូលទៅក្នុងទឹកទន្លេបាសាក់ កាលពីវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់លិចចូលទន្លេខាងលើនេះ គឺម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN-1302 បើកបរដោយឈ្មោះ សាម សុវ៉ាត់ ហៅប្លោក ភេទប្រុស អាយុ ៥១ឆ្នាំ ស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង មុខរបរជាមន្រ្តីនគបាលប៉ុស្តិ៍តាលន់ ស្រុកស្អាង និងមានមនុស្ស៣នាក់ ធ្វើដំណើរតាមរយៈរថយន្តនេះ ដោយបានបើកចុះទូកដរ បម្រុងឆ្លងទៅត្រើយខាងកើត តែជាន់ហ្គែខ្លាំងពេក ក៏ជ្រុលធ្លាក់ពីលើទូកលិចចូលទន្លេតែម្តង ប៉ុន្តែសំណាងណាស់ ត្រូវបានអ្នកបើកទូកដរ និងប្រជាពលរដ្ឋ និងទូកខ្មែរឥស្លាម ជួយសង្គ្រោះទាន់ពេល។
ចំណែករថយន្តក៏បានស្ទូចឡើងពីទន្លេ មកលើគោកវិញផងដែរ ដើម្បីឲ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង ហើយនេះក៏ជាសារមួយ ផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយត្ន័ឲ្យបានខ្ពស់ ពេលធ្វើដំណើរចុះពីលើកំពង់ចម្លង ចៀសវាងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដូចករណីខាងលើនេះ តែសំណាងណាស់ ដែលករណីនេះ គ្មាននរណាម្នាក់រងរបួស ៕