រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានជួបគ្រោះ.ថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណៈជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តហាយឡែនឌ័រ បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ន់ ផានុត ភេទប្រុស មានមុខរបរជានិស្សិតឆ្នាំទី៤ ស្នាក់នៅផ្ទះជួល ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តហាយឡែនឌ័រមួយគ្រឿង ពាក់ស្លាកលេខ 2AG-6122 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុ ផ្លូវជាតិលេខ ៤ ក៏បានបុកគ្នាជាមួយម៉ូតូឌ្រីមសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BC-5007 បុកពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ ដែលជាអ្នកជិះម៉ូតូ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ហើយភ្លាមៗរថយន្តនោះ បានបើករត់គេចពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ តាមរកឃើញ ខណៈបើករត់យកមកទុកចោលនៅផ្លូវបេតុង ក្នុងសង្កាត់គោរកា ខណ្ឌព្រែកព្នៅ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕