រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន១៤នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ករណីល្មើសនិងវិធានការរបស់ក្រសួងសុខាភិបាល នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការបើកលេងល្បែងស៊ីសងខុសច្បាប់(ភ្នាល់មាន់តាមអនឡាញ, ភ្នាល់ឡូតូតាមអនឡាញ, និងលេងអាប៉ោង) នឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីលោក សេង ហៀង ជាព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កសាងនីតិវិធី បញ្ជូនជនសង្ស័យទាំង១៤នាក់ (ប្រុសទាំងអស់) ដែលក្នុងនោះរួមមាន អ្នកបើកភ្នាល់ឡូតូអនឡាញ ចំនួន០២នាក់, អ្នកបើកភ្នាល់ជល់មាន់អនឡាញតាមទូរទស្សន៍ ចំនួន០១នាក់, អ្នកបាញ់អាប៉ោង ចំនួន០១នាក់, រួមទាំងមនុស្សចំនួន១០ នាក់ទៀតដែលលេងល្បែងស៊ីសងខាងលើទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ដោយឡែកមនុស្សចំនួន១៧នាក់ទៀត ដែលជាអ្នកឈរមើលហែរហម នៅក្នុងទីតាំងលេងល្បែងខាងលើត្រូវបានធ្វើការអប់រំនិងផាកពិន័យតាមអន្តរៈកាលនៃមាត្រា១៩ នៃច្បាប់ប្រយុទ្ធប្រឆាំងនិងកូវីដ និងមានការធ្វើលិខិតធានាពីឪពុក ម្តាយ និង អាណាព្យាបាល អោយត្រឡប់ទៅលំនៅដ្ឋានវិញ ៕