រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ធ្វើសកម្មភាពកាច់កម៉ូតូ បានសម្រេច រួចហើយជិះមកឡើងស្ពានជ្រោយចង្វារ ត្រូវបានកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារ ដេញឃាត់បានម្នាក់។ ចំណែក២នាក់ទៀតរត់រួច កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លើស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចអន្តរាគមន៍របស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញជនសង្ស័យ៣ នាក់ កំពុងតែលួចម៉ូតូធូដេមួយគ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦ ឆ្ពោះទៅលើស្ពានជ្រោយចង្វារ ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់សួរនាំជនសង្ស័យទាំង ៣ នាក់ តែជនសង្ស័យព្យាយាមរត់គេចពីសមត្ថកិច្ច តែត្រូវបានសមត្ថកិច្ចដេញចាប់ខ្លួនបានម្នាក់ ខណៈ២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល ទើបមានជនរងគ្រោះជិះមកពីក្រោយ ស្រែកចោរៗ ម៉ូតូខ្ញុំវាជាអ្នកលួចម៉ូតូ តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមច្បាប់ ខណៈម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ ៕