រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Maserati មួយគ្រឿង បើកបុកបង្គោលភ្លើងខូចខាត ម្ចាស់រថយន្តហៅរថយន្តស្ទូចបម្រុងមកស្ទូចយករថយន្តចេញទៅ តែសមត្ថកិច្ចមិនឲ្យស្ទូចឡើយ ព្រោះបុកបង្គោលភ្លើងរបស់រដ្ឋខូចខាត រង់ចាំខាងជំនាញមកវាស់វែងសិន បង្កការភ្ញាក់ផ្អើលនៅម៉ោង ៩ និង២០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដាយផ្លូវព្រះសីហនុ កែងនឹង ផ្លូវ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើប Maserati ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AQ - 0009 មួយគ្រឿង មួយគ្រឿង ធ្វើដំណើរតាមបណ្តោយព្រះសីហនុ ពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ៥១ ផ្លូវកោងបន្តិច បួងចង្កូតមិនទាន់ជ្រុលបុកបង្គោលភ្លើងស្តុបពេញទំហឹង បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។ ចំណែករថយន្តខូចខាតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណំ ទៅមុខលែងរួច។
ប្រភពដដែលបន្តថា បន្ទាប់មក អ្នកបើកបរនិងអ្នករួមដំណើរ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ លុះមួយសន្ទុះក្រោយមកក៏ឃើញមានរថយន្តស្ទូចឯកជនមួយគ្រឿង បានបើកដល់កន្លែងកើតហេតុ រួចរៀបចំស្ទូចរថយន្ត យកទៅដោយមិនចង់ទទួលខុសត្រូវ តែត្រូវបានសមត្ថកិច្ចឃាត់កុំឲ្យស្ទូច រង់ចាំខាងជំនញាចរាចរណ៍ផ្លូវគោកមកដល់សិន ដើម្បីដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕