ខេត្តមណ្ឌលគិរី ៖ នៅក្នុងសប្ដាហ៍ទី៣ នៃខែមីនា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក សហការជាមួយកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងគាំទ្រដោយអង្គការ WWF បានចុះល្បាតរួមគ្នាក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ ហើយបានទប់ស្កាត់សកម្មភាពចូលលួចអារឈើខុសច្បាប់ និងសកម្មភាពដាក់អន្ទាក់ល្មើសច្បាប់ក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃស្រែពក ក្នុងនោះបានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖
១.ម៉ូតូកែច្នៃចំនួន៦គ្រឿង(ជនសង្ស័យរត់គេចខ្លួន) បាននាំយកទៅរក្សាទុកនៅស្នាក់ការបរិស្ថាន និងម៉ូតូ១គ្រឿងទៀតជនសង្ស័យបានបើកគេចខ្លួនបាត់។
២.រណារយន្តចំនួន១គ្រឿង
៣.តាមចាប់ឃាត់ជនសង្ស័យចំនួន២នាក់ដឹកសត្វព្រៃ ប៉ុន្តែជនសង្ស័យបានគេចខ្លួនរួចទម្លាក់ចោលនូវសត្វប្រមាងាប់ចំនួន១ក្បាល ហើយត្រូវបានក្រុមការងារយកសំណាក(សត្វព្រៃ)ដុតបំផ្លាញចោលនៅកន្លែងកើតហេតុ។
៤.បានព្យាបាលរបួស និងសង្គ្រោះបឋមទៅលើសត្វជ្រូកព្រៃចំនួន១ក្បាល ដែលរងរបួសដោយសារសត្វសុនខខាំ។
៥.ប្រមូលវត្ថុតាងឈើអារប្រភេទលេខ១(សុក្រម) ចំនួន៣០សន្លឹក ដែលជនសង្ស័យបានលួចអារនិងទម្លាក់ចោលនៅក្នុងព្រៃ យកទៅរក្សាទុកនៅស្នាក់ការបរិស្ថាន៕