សមត្ថកិច្ចព័ទ្ធចាប់ ក្រុមចាប់ជំរិត១២នាក់ ដែលប្រើល្បិចស្លៀកពាក់ ឯកសណ្ឋានគ្រូពេទ្យចុះយកសំណាក ជំរិតទារប្រាក់ ៣០០០០ដុល្លារ ក្នុងសណ្ឋាគារPOSITANO BOUTIQUE HOTEL
សន្តិសុខសង្គម
232

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញ នាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងនគរបាលខណ្ឌដូនពេញ ចុះបង្ក្រាបក្រុមជនសង្ស័យចំនួន១២នាក់ ក្រោយបន្លំខ្លួនធ្វើជាគ្រូពេទ្យចុះយកសំណាក ហើយធ្វើសកម្មភាពចាប់ជំរិតទារពីបុរសរងគ្រោះ២នាក់ យកលុយចំនួន៣០,០០០ដុល្លារ នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL នៅចំណុចផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រំដោះជនរងគ្រោះទាំង២នាក់ រួចផុតមានសុវត្ថិភាព។

ប្រតិបត្តិការនេះ មានការដឹកនាំដោយ លោក ម៉ុត ដារ៉ាជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ និងលោក យស យុទ្ធី អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងកម្លាំងជំនាញជាច្រើននាក់។

មន្រ្តីជំនាញបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកថា ករណីចាប់ជំរិតទារប្រាក់៣០០០០ដុល្លារនេះ ក្រុមជនសង្ស័យ បានប្រើល្បិចស្លៀកឈុតឯកសណ្ឋានដូចក្រុមគ្រូពេទ្យចុះយកសំណាក ដើម្បីកុំឲ្យជនរងគ្រោះចាប់អារម្មណ៍ រួចចាប់ជនរងគ្រោះជំរិតទារប្រាក់តែម្តង។

ភ្លាមៗនោះ កម្លាំងជំនាញទទួលបានព័ត៌មាន ក៏សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវបន្ទាន់ រហូតចុះទៅរំដោះជនរងគ្រោះបានចំនួន២នាក់ រួចផុតមានសុវត្ថិភាព ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន និងវៀតណាម បានបន្តបន្ទាប់ចំនួន ១២នាក់ ក្នុងនោះស្ត្រីជនជាតិចិនម្នាក់ផងដែរ នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។



Telegram