ខេត្តបាត់ដំបង៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានចាប់ខ្លួនក្រុមអ្នកជំនាញកែច្នៃកាំភ្លើងវែង ហើយកាលពីរសៀលថ្ងៃទី២៦ មីនាម្សិលមិញ នេះបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីបញ្ចប់ការសួរនាំ ។
សេចក្តីរាយការណ៍ថាលោកប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកឈឿង គឹមសុង ដែលទទូលបញ្ជាពីលោកស្នងការខេត្តដឹកនាំកម្លាំងចុះ
បង្ក្របករណីនេះបានឱ្យដឹងថា ក្រុមអ្នកកែច្នៃកាំភ្លើង និងប្រើប្រាសទាំង០៤នាក់នោះ ត្រូវកម្លាំងរបស់លោកធ្វើការស្រាវជ្រាវឃាត់ខ្លួនបានបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២៥ មីនា ឆ្នាំនៅចំណុចភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខណ:ពួកគេកំពុងជួបជុំគ្នាបង្អូតកាំភ្លើងច្នៃ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមអ្នកឯកទេសក្រៅតម្រាទាំង០៤នាក់ ១-ឈ្មោះ សាន រក្សា ហៅប្រុស អាយុ២៦ឆ្នាំ ២-ឈ្មោះឡឹង លេង អាយុ៣០ឆ្នាំ ៣-ឈ្មោះ ឈឿង សុភ័ក្រ អាយុ២៦ឆ្នាំ និង៤-ឈ្មោះ នៅ ណា ហៅ ជ្រូក អាយុ២៥ឆ្នាំ។ ជនសង្ស័យទាំង០៤នាក់នេះ រស់ជុំគ្នានៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ កាំភ្លើងកែច្នៃ បាញ់គ្រាប់កង់ចំនួន០៥ដើម. ឈើកែច្នៃធ្វេីស្វ័យកាំភ្លើងចំនួន០២ដើម. កាំបិតកែច្នៃចំនួន០១ដើម. ពូថៅចំនួន០១. គ្រាប់បាដាងកង់ចំនួន០២កំប៉ុង. ម៉ូតូចំនួន០៣គ្រឿង ដែលពួកគេជិះធ្វើសកម្មភាពបរបាញ់សត្វព្រៃនៅក្នុងតំបន់ការពារដោយសហគម។
បើតាមសមត្ថកិច្ចបាននិយាយថា នៅក្នុងសំណុំរឿងនេះ គឺឈ្មោះ សាន រក្សា ហៅ ប្រុស ជាអ្នកឯកទេសខាង កែច្នៃតម្លើង និង ជួសជុលកាំភ្លើងទាំងនេះ រីឯជន០៣នាក់ទៀត ជាអ្នកប្រើប្រាស់កាំភ្លើង យកទៅបាញ់សត្វនៅតាមតំបន់ព្រៃ ដែលការពារដោយសហគមក្នុងឃុំតាគ្រាម ស្រុកបាណន់ ។ ដោយសារតែពួកគេធ្វើសកម្មភាពបំពានច្បាប់បែបនេះហើយទើបអ្នកភូមិដឹង រួចរាយការណ៍ប្ដឹងទៅសមត្ថកិច្ចឱ្យចុះបង្ក្រាបតែម្ដង៕