ភ្នំពេញ៖ ពិតជារន្ធត់ណាស់ យ៉ាងហោចណាស់មនុស្សចំនួន២នាក់ បានស្លាប់យ៉ាងរន្ធត់ និង២នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈកំពុងឈប់ស្តុប ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ បើកលឿនខ្លាំង មកបុកពេញទំហឹង កាលពីវេលាម៉ោង៩ យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ម្តុំផ្លូវបំបែកជាបួនតាមបណ្តោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលរងរបួសស្រាល បានប្រាប់ក្រុមការងារ TVFB ថា មុនពេលកើតហេតុ ខ្លួនជិះម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ដែលពាក់ស្លាកលេខ កំពងធំ 1J-6737 ជិះគ្នា២នាក់ តាមបណ្តោយផ្លូវ២១៧ មកដល់ផ្លូវបំបែកជាបួនផ្សារថ្នល់បត់ ក៏បានឈប់ស្តុប ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AS-1871 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បានបើកបុករះម៉ូតូទាំង២គ្រឿងពេញមួយទំហឹង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ និងស្លាប់២នាក់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យយ៉ាងរន្ធត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូនិងម្ចាស់រថយន្ត ទៅកាន់ការិយាល័យជំនាញចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរនិងចាត់ការតាមច្បាប់បន្តទៀត ៕