ខេត្តតាកែវ៖ បន្ទាប់ពីបានទទួលបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង ២២:២០នាទី យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ចែម គីមស្រ៊ុន ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ ដកហូតវត្ថុតាងក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) បានចំនួន ០១កញ្ចប់ ទម្ងន់២៥,៩១ក្រាម និងទូរស័ព្ទចំនួន០១គ្រឿង។
ក្រោយពីស្ដាប់ចម្លើយជនសង្ស័យខាងលើបានសារភាពថាខ្លួន ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីនារីម្នាក់នៅម្ដុំផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ ធ្វើការពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញដឹកនាំបញ្ជារួមដោយ លោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរងស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក វរសេនីយ៍ទោ អ៊ួង វីរៈរ័ត្នមុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបានការអនុញ្ញាតិពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង ច្រឹប ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តទៅឆែកឆេរផ្ទះជួលរបស់ជនសង្ស័យឈ្មោះហេង ច្រឹប នៅវេលាម៉ោង១៥និង៤០នាទី ដោយបានចាប់យកក្រាមពណ៌សថ្លា(ICE) (ចំនួន០៥ដុំធំ ០៥កញ្ចប់តូច) ទម្ងន់៥៤៩៨.៨២ក្រាម (ថ្នាំសុទ្ធ), ម៉ូតូ០១គ្រឿង, ស្លាកលេខរថយន្តចំនួន០៦ ស្មើនិង ០៣រថយន្ត នៅចំពោះមុខជនសង្ស័យបានទទួលស្គាល់វត្ថុតាងខាងលើពិតជារបស់ខ្លួនប្រាកដមែន។
ជំនាញបានធ្វើតេស្តបឋមចំពោះមុខជនសង្ស័យលទ្ធផលតេស្តមានចេញពណ៌ត្នោតលឿងទុំដូចមានក្នុងគីមីពិសោធន៍ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងការិយាល័យជំនាញ អាវុធហត្ថខេត្តតាកែវ បានចាត់ការតាមនីតិវិធី៕