រាជធានីភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចបានបញ្ជាក់នៅរសៀលថ្ងៃទី២៩ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ករណីឃាត់ខ្លួនបុរសជនជាតិចិន២នាក់ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ នៅក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រនោះគឺជារឿងផ្ទុះអាវុធប្រាកដមែន តាមចម្លើយសារភាពពីជនជាតិចិននេះ។
តាមរយៈទូរស័ព្ទមន្ត្រីប៉ូលិសដែលកំពុងធ្វើការសាកសួរជនបង្កខាងលើបានបង្ហើបថាប៉ូលិសបានរកឃើញសំបកកន្ទុសចំនួន១គ្រាប់និងរកឃើញដកហូតកាំភ្លើងខ្លីម៉ាកឡុក១ដើមផងដែរ។
មន្ត្រីដដែលបានបញ្ជាក់ទៀតថាសមត្ថកិច្ចកំពុងកសាងសំនុំរឿង រួចបញ្ជូនជនជាតិចិនទាំងនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថាមានករណីផ្ទុះអាវុធចំនួន១គ្រាប់ក្បែរផ្សាររាត្រីក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ និងសមត្ថកិច្ចចម្រុះចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនខាងលើចំនួន២នាក់ ព្រមទាំងនាំយករថយន្តស៊េរីទំនើប១គ្រឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ភ្លាមៗ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះផងដែរ ៕