ខេត្តកំពង់ឆ្នាំង ៖ ឈាមស្រែកស្បែកហៅ កុកភ្លេចជុង តែជុងមិនដែលភ្លេចកុកនោះទេ ខណៈជនសង្ស័យម្នាក់ ដែលជាជនដៃដល់ អារកសម្លាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ហើយរត់គេចខ្លួនជាង២ខែ ពេលនេះត្រូវបានកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការចាប់ឃាត់ខ្លួនបានហើយ កាលពីយប់២៩ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ឌុច ចំរើន បានឲ្យសារព័ត៌មានក្នុងស្រុកដឹងថា ជនសង្ស័យមានឈ្មោះ ម៉ី ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានសម្លាប់ប្រពន្ធឈ្មោះ អឿន រ៉េន អាយុ៣៣ឆ្នាំ ដោយរស់នៅជាមួយគ្នាជាប្តីប្រពន្ធជាង១ឆ្នាំហើយ ខាងស្រីជាមេម៉ាយកូន២ ហើយក្រោយពីបានស្រឡាញ់គ្នាជាមួយជនសង្ស័យ ក៏មានកូនម្នាក់ទៀត ។
លោក ឌុច ចំរើន បន្តថា ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មុនពេលកើតហេតុ ទាំង២នាក់បានទាស់សម្តីគ្នានៅផ្ទះបងប្អូនខាងស្រី ដោយប្រពន្ធបានគប់ប្តីនឹងទូរស័ព្ទ។ លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ពេលមកដល់ផ្ទះវិញនៅពេលយប់ជ្រៅ កូនតូចមានអាយុ១ខួបបានយំឃ្លានបៅ ជនសង្ស័យជាប្តី ក៏បានដាក់ទឹកដោះគោឲ្យកូនបៅ ហើយនិយាយប្រាប់កូនថា ចាប់ពីពេលនេះទៅប៉ាឈប់លែងបានបំបៅកូនទៀតហើយ ដោយសារម្តាយឯងមានប៉ាថ្មី ទើបស្ត្រីជាប្រពន្ធហក់ធាក់ប្តីមួយជើងដួលផ្ងារក្រោយ រួចទៅដេកដូចធម្មតា ដោយសារខឹងនឹងប្រពន្ធ ប្តីក៏ស្ទុះទៅយកកាំបិតដែលសៀតនឹងជញ្ជាំង យកទៅអារ.កស្រ្តីរងគ្រោះរហូតដល់ស្លាប់តែម្តង ហើយរត់គេចខ្លួនចេញពីខេត្តកំពង់ឆ្នាំង ទៅខេត្តផ្សេងទៀតដោយដេកតាមផ្ទះសំណាក់ ម្តងខេត្តនេះ ម្តងខេត្តនោះ ។
លោកបន្តថា លុះដល់ថ្ងៃទី២៩ ខែមីនា ជនសង្ស័យបានវិលចូលមកខេត្តកំពង់ឆ្នាំងវិញ មកដេកនៅផ្ទះសំណាក់ក្នុងភូមិទួលក្រឡាញ់ សមត្ថកិច្ចដឹង ក៏ចុះទៅធ្វើការចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕