ខេត្តបាត់ដំបង៖ យុវជនម្នាក់នេះបានបន្លំតែងខ្លួនធ្វើព្រះសង្ឃ រួចដើរបិណ្ឌបាតនៅតាមភូមិក្នុងក្រុងបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួនម្សិលមិញថ្ងៃទី ២៩ ខែមីនាឆ្នាំ២០២១ ។
បើយោងតាមលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់សារព័ត៌មានឲ្យដឹងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១នេះថាកម្លាំងជំនាញរបស់លោកនៅថ្ងៃទី ២៩ ខែមីនា កន្លងមកនេះបានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ដែលបន្លំតែងខ្លួនធ្វើជាព្រះសង្ឃនិមន្តបិណ្ឌបាតនៅតាមភូមិ និងទីផ្សារជាច្រើននៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។យុវជនម្នាក់នេះមានឈ្មោះកួន ហ្វួន ភេទប្រុស អាយុ១៥ ឆ្នាំរស់នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ ការចុះអនុវត្តច្បាប់នេះធ្វើឡើងបន្ទាន់ពីមានសេចក្តីរាយការណ៍ពីមន្ត្រីជំនាញធម្មការខេត្ត។ ជាមួយនោះយុវជននេះបានសារភាពថា ខ្លួនពិតជាបានបន្លំធ្វើជាព្រះសង្ឃពិតប្រាកដមែន ដោយក្នុងមួយថ្ងៃរកលុយបានចាប់ពី ៤០ ០០០ ទៅ៥០ ០០០ រៀល ៕