ភ្នំពេញ៖ យោងតាមេផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា បុរសម្នាក់ឈ្មោះ វ៉ាន់ រចនា ដែលបានយកសារសម្លេងបុគ្គលមិនស្គាល់អត្តសញ្ញាណ មកផ្សព្វផ្សាយជាមួយនឹងរូបភាព ដែលថាមានការបិទទីក្រុងភ្នំពេញ បានចូលខ្លួនសារភាពកំហុស និងសុំទោសជាសាធារណៈ ចំពោះកំហុសរបស់ខ្លួនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។
ក្នុងនោះ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤០នាទី កម្លាំងសមត្ថកិច្ចផែនសន្តិសុខ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅជនសង្ស័យ ឈ្មោះ វ៉ាន់ រចនា ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៩ ផ្លូវ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់គណនី Tiktok ដែលមានឈ្មោះ Rachana BK ដោយបានបង្ហោះវីដេអូមានខ្លឹមសារជាសម្លេង « ភ្នំពេញគេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងអោយចូលភ្នំពេញ......» ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូនៃការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តាមពិតជាក់ស្តែងរហូតមកដល់ពេលនេះ មិនមានគោលការណ៍ណាមួយឲ្យមានការបិទច្រកចេញចូលរាជធានីភ្នំពេញនោះទេ ។
ក្រោយពីទទួលកំហុសជាសាធារណ:ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា រួចមក សមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ ៕
សូមចូលរួមទប់ស្កាត់ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ !!!