សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ចាប់បានមុខសញ្ញាឆក់យ៉ាងសកម្ម២នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
សន្តិសុខសង្គម
823

រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាន បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែទី១ ដើម្បីធ្វើការសាកសួរ កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំងនេះបានធ្វើសកម្មភាពឆក់ទូរសព្ទម៉ាក Oppo F9 នៅចំណុចផ្លូវ៧០ ក្រុម០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងនោះ​ជនសង្ស័យទាំង២នាក់ដែលចាប់ឃាត់ខ្លួនបាន មានឈ្មោះ ឡេង ចាន់ថន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងជនសង្ស័យទី២ឈ្មោះ សុង សក្កដា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ទាំង២នាក់មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះជាម្ចាស់ទូរសព្ទមានឈ្មោះ ពៅ និមល ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរសារព័ត៌មាន ស្នាក់នៅផ្ទះជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់នេះ គឺជាមុខសញ្ញា ឆក់យ៉ាងសកម្ម នៅក្នុងទឹកដីខណ្ឌឫស្សីកែវ ដែលសមត្ថកិច្ចទើបកំណត់មុខសញ្ញាបាន និងឈានដល់ការចាប់ឃាត់ខ្លួន បញ្ជូនមកកាន់ ប៉ុស្តិ៍នគរបាលទួលសង្កែទី១ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់បន្តទៀត៕ 




Telegram