ចេញពីធ្វើការឌុបប្រពន្ធទៅឆេងម៉េងនៅស្រុកកំណើត បែរជាត្រូវរថយន្តលាយបេតុង កិនដាច់ខ្លួនប្រពន្ធជា២កំណាត់ ចំណែកប្តីរបួសស្រាលបានត្រឹមយំឈរមើលសភាពប្រពន្ធ (មានវីដេអូ)
សន្តិសុខសង្គម
1.06K

រាជធានីភ្នំពេញ៖ ពិតជារន្ធត់ណាស់ បុរសម្នាក់ចេញពីធ្វើការជិះម៉ូតូឌុបប្រពន្ធពីក្រោយ ដើម្បីទៅឆេងម៉េង ស្រាប់តែត្រូវរថយន្តលាយបេតុងមួយគ្រឿង កៀនបណ្តាលឲ្យដួលហើយកិនប្រពន្ធដាច់ខ្លួនជា២កំណាត់ភ្លាមៗយ៉ាងរន្ធត់បំផុត ចំណែកប្តីរបួសស្រាលបានត្រឹមយំឈរមើលសភាពប្រពន្ធ។ ភ្លាមៗអ្នកបើករថយន្តនោះក៏ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុប ផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះៗ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សារិន សំអាន អាយុ៣១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនម៉ូតូហុងដា បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 1L-9853 ឌុបប្រពន្ធ ឈ្មោះ ហ៊ន ភារិន អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្ដាល ចេញពីផ្ទះជួលនៅម្ដុំជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌកំបូល ពីលិចទៅកើត តាមបណ្តោយផ្លូវខាងលើ បំណងទៅឆេងម៉េងនៅស្រុកកំណើត មកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងដៃចូលទៅមហាវិថី ឈ្នះៗ ត្រូវបានរថយន្តលាយបេតុង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 5A-1034 បើកបរស្របគ្នាកៀរពីក្រោយ បណ្តាលឲ្យដួល ហើយកិនប្រពន្ធដាច់ខ្លួនជា២កំណាត់ភ្លាមៗយ៉ាងរន្ធត់បំផុត ចោលកូនស្រីជាទីស្រឡាញ់ដែលជាចំណងដៃជាមួយប្តី ចំណែកប្តីរបួសស្រាលបានត្រឹមយំឈរមើលសភាពប្រពន្ធ ភ្លាមៗអ្នកបើករថយន្តនោះក៏ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕



Telegram