រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាជាងឈើ ដាច់លុយ បបួលគ្នាធ្វើសកម្មភាពលួចកាច់កម៉ូតូគេ មិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋតាមទាន់វាយស្ទើរក្ស័យ និងឃាត់បានម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលង អធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីបុរសម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះតាមផ្លូវ ក៏បានឃើញជនសង្ស័យ ៣ នាក់ ជិះម៉ូតូមួយគ្រឿង បានចូលទៅក្នុងផ្ទះជួលមួយកន្លែង តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ ធ្វើសកម្មភាពចូលលួចកាច់កម៉ូតូឌ្រីមសេ១២៥ ពាក់ស្លាកលេខ ព្រៃវែង 1M-4714 ទើបដេញស្រែកឆោឡោតាមផ្លូវ ឲ្យបងប្អូនប្រជាពលរដ្ឋជួយ តែជនសង្ស័យដឹងខ្លួន ក៏ជិះម៉ូតូដែលទើបនឹងលួចបានរត់មកដល់ផ្លូវព្រះមុនីវង្ស ត្រូវបានបងប្អូនប្រជាពលរដ្ឋតាមទាន់ ព្រួតវាយស្ទើរក្ស័យ ទើបប្រគល់ជូនសមត្ថកិច្ចដើម្បីសាកសួរ ។
ជនសង្ស័យរូបនេះ មានឈ្មោះថា ជី ចូវ មានអាយុ ៣១ ឆ្នាំ មុខរបរជាងឈើ ស្នាក់ផ្ទះជួលនៅក្នុងខណ្ឌជ្រោយចង្វា កំពុងត្រូវបានប៉ុស្តិ៍នគរបាលបឹងទំពុនទី ១ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់បន្តទៀត និងហៅជនរងគ្រោះ ប្រគល់ម៉ូតូឲ្យទៅឲ្យវិញផងដែរ៕