ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ៧ខ្នង និងរលំខូចខាតធ្ងន់ធ្ងរ ២ខ្នង នៅស្រុកថ្មពួក
សន្តិសុខសង្គម
380

បន្ទាយមានជ័យ៖ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ៧ខ្នង និងរលំខូចខាតធ្ងន់ធ្ងរ២ខ្នង នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ថិតភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានប្រាប់ថា៖ នៅវេលាម៉ោង៥និង៤០នាទី មានភ្លៀងលាយឡំដោយខ្យល់បានបក់បោកយ៉ាងខ្លាំងបណ្តាល ឲ្យប៉ះពាល់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋចំនួន៧ខ្នង និងរលំទាំងស្រុងចំនួន២ខ្នង និងជម្រុកស្រូវចំនួន២ខ្នង បាក់សង្កត់គោយន្តកន្ត្រៃ និងទ្រុងគោយន្ត១គ្រឿងបណ្តាលខូចខាតទាំងស្រុង។

លោកបានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌មានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានណែនាំអោយលោកដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួកចុះជួយអន្តរាគមន៍រុះរើផ្ទះនិងរៀបចំជម្រកជូនប្រជាពលរដ្ឋដែលផ្ទះរលំ និងប៉ើងដំបូល សម្រាប់ឲ្យប្រជាពលរដ្ឋបានជ្រកកោណ លុះដល់ព្រឹកឡើងចុះជួយរុះរើជួសជុលឡើងវិញ។

ក្រោយពេលដែលខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ឃើញវត្តមានលោក អែម សុខា អភិបាលស្រុកថ្មពួក រួមមន្ត្រីបានចុះពិនិត្យសាកសួរសុខទុកប្រជាពលរដ្ឋរងគ្រោះផងដែរ ហើយលោកក៏បានថ្លែងអំណគុណចំពោះកងកម្លាំងនគរបាលស្រុកចំនួន១៥នាក់ បានជួយអន្តរាគមរៀបចំជម្រកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៕ ដោយ៖ចន្ត្រា  


Telegram