ប្តីហេងស៊យនិងអាកូនចោលម្សៀត ដុតផ្ទះចោលមិនជាប់គុក បែរជាមកដេញវាយម្តាយនិងប្រពន្ធកូនគ្មានប្រណី
សន្តិសុខសង្គម
295

ខេត្តប៉ៃលិន៖ កែមិនឡើងមែន ទាល់តែជាប់គុកម្តង ២ដងទើបរាងមែនទេ? ជាក់ស្តែងបុរសម្នាក់ ត្រូវបានលោកចៅក្រមសាលាដំបូងខេត្តប៉ៃលិន បានអប់រំណែនាំ រួចដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ដើម្បីជួបប្រពន្ធ និងធ្វើការកែខ្លួនឡើងវិញ ដោយចេញដីកាមិនឃុំខ្លួនបណ្តោះអាសន្ន ក្នុងករណីសេពគ្រឿងញៀននោះ ស្រាប់តែទៅដល់ផ្ទះវិញ បានរករឿងជេរបញ្ចោ និងទាញដំបងដេញវាយឪពុក ម្តាយ និងប្រពន្ធកូន ធ្វើឱ្យរត់ចែកជើងគ្នាប្រសាច ទ្រាំលែងបានក្រុមគ្រួសារក៏ប្តឹងឲ្យនគរបាល ចុះទៅធ្វើការចាប់ឃាត់ខ្លួនម្តងទៀត កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សេចក្តីរាយការណ៍មកថា អាកូនចោលម្សៀតម្នាក់នេះមានឈ្មោះ ខ្នា ចាន់ណា ហៅអូន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ចំណែកឯប្រពន្ធឈ្មោះ ថាន ថុល មានកូន៣នាក់ នៅក្នុងបន្ទុកថែមទៀតផង។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ខណ:ជនសង្ស័យរូបនោះជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ហើយបានវាយដំ ទាត់ធាក់ ទៅប្រពន្ធកូន និងដុតបំផ្លាញផ្ទះសម្បែង បណ្តាលឲ្យឆេះខ្ទេចខ្ទីគ្មានសល់ ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ។ លុះលោក ហោ គាឡេង ចៅក្រមស៊ើបសួរអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ដើម្បីកែខ្លួនបែរជាទៅរករឿងដេញវាយ ឪពុកម្តាយ ប្រពន្ធកូន នាំគ្នារត់ចែកជើងប្រសាចទាំងយប់ តែត្រូវនគរបាលមូលដ្ឋានចាប់ញាត់គុកម្តងទៀតកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយពីវាយប្រពន្ធកូនដុតផ្ទះឆេះខ្ទេច ត្រូវនគរបាលបញ្ជូនទៅតុលាការ ហើយលោកចៅក្រមបានចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អំពើដែលមានចែងឱ្យផ្តន្ទាទោសដោយមាត្រា ៤១០ នៃក្រុមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

មកដល់ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ជនសង្ស័យខាងលើ ត្រូវបាននគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចាប់ឃាត់ខ្លួន និងសួរនាំបន្ថែម ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីម្តងទៀត៕ 


Telegram