រកឃើញមានផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិកជ្រូកជាង ១០០ក្បាល ត្រូវបានមន្ត្រីជំនាញយកទៅដុតកម្ទេចចោលព្រឹកមិញនេះ
សន្តិសុខសង្គម
156

ខេត្តតាកែវ៖ សត្វជ្រូកដែលមានផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិកចំនួនជាង ១០០ក្បាល ដែលលួចនាំចូលដោយឈ្មួញខុសច្បាប់ និងត្រូវបានបង្ក្រាបកាលពីពេលកន្លងទៅ នៅព្រំដែនកម្ពុជា-ឡាវ ខេត្តស្ទឹងត្រែង បានត្រូវមន្ត្រីជំនាញដុតកម្ទេចចោលនេះនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ នៅឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពីព្រះរាជអាជ្ញា និងសមត្ថកិច្ចចម្រុះនៃខេត្តតាកែវផងដែរ។

លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៍មានថា សត្វជ្រូកដែលធ្វើការដុតកម្ទេចចោលនេះ គឺបន្ទាប់ពីមន្ត្រីជំនាញនៃក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបឃាត់រថយន្តដឹកជ្រូកមួយគ្រឿង ក្នុងចំណោមបីគ្រឿង កាលពីយប់ថ្ងៃទី២៣ មីនា នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយសារតែឈ្មួញលួចនាំជ្រូកទាំងនោះ គ្មានច្បាប់អនុញ្ញាត និងមិនបានគោរពទៅតាមវិធានការ របស់ពេទ្យសត្វ ខណៈដែលជ្រូកនៅប្រទេសជិតខាង កំពុងកើតជំងឺជំងឺប៉េស្តអាហ្វ្រិកនេះ។

លោកបញ្ជាក់ថា ចាប់តាំងពីកម្ពុជា មានការរឹតបន្តឹងចំពោះការនាំចូលជ្រូកនោះ ក្រុមឈ្មួញបានបង្វែរយុទ្ធសាស្ត្រ លួចនាំជ្រូកចូលទៅប្រទេសឡាវ រួចដឹក បន្តលួចនាំចូលមកចែកចាយនៅក្នុងប្រទេសកម្ពុជា តាមច្រកព្រំដែនស្ទឹងត្រែង និងប្រទេសឡាវវិញ។ យ៉ាងណា លោកបានបញ្ជាក់ថា ក្រុមឈ្មួញដែលបានលួចនាំចូលជ្រួកខុសច្បាប់នេះ នឹងត្រូវចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ។

បើយោងតាម លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាត្រូវបានអ្នកសារព័ត៍មានស្រង់ប្រសាសន៍មកថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងការពារនៅឡើយ ដែលជំងឺនេះកើតឡើងនៅអាហ្វ្រិកជាង១០០ឆ្នាំមកហើយ ហើយករណីនេះ ធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ដែលអាចឈានដល់ការចម្លងជំងឺនេះដល់សត្វជ្រូកដទៃផ្សេងទៀតនៅក្នុងស្រុក៕


Telegram