រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ប្រជាការពារម្នាក់ បានរងរបួសធ្ងន់ធ្ងររលាកពេញខ្លួនប្រាណ ក្រោយត្រូវបានអគ្គិភ័យឆាបឆេះរោងស្តុកសំភារៈរបស់សាលាសង្កាត់វាលស្បូវ ស្របពេលដែលគាត់កំពុងសម្រាន្តយាមនៅរោងខាងលើ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ និងបញ្ជូនតាមរម៉កកង់បី ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុរសដែលត្រូវបានភ្លើងឆេះរលាកពេញខ្លួននេះ ឈ្មោះ សំរិត សុខមាន ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្រជាការពារសង្កាត់វាលស្បូវ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានដេកយាមនៅក្នុងរោងស្តុកសំភារៈនេះ ក្នុងបរិមាណសាលាសង្កាត់វាលស្បូវ ក្រោយមកមិនដឹងកើតរឿងអី ឃើញភ្លើងឆេះរោងខាងលើយ៉ាងសន្ធោសន្ធៅទៅហើយ ដោយបានឆេះរលាកទាំង បុរសជាប្រជាការពារដែលដេកយាមនៅខាងក្នុងទៀត ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយគាស់ទ្វារយកជនរងគ្រោះចេញមកខាងក្រៅ បាញ់ទឹក និងប្រញាប់សែងដាក់កង់បីឥណ្ឌា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។
ក្នុងនោះទីតាំងដែលឆេះនេះ ជាប្រភេទឃ្លាំងដែកប្រក់ស័ង្កសី (ទំហំ០៧ម៉ែត្រ× ០៩ម៉ែត្រ ) ខូចខាតកុំព្យូទ័រ០២គ្រឿង ម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ កង់០១គ្រឿង ម៉ាស៊ីនកូបពី ០១គ្រឿង កង្ហារ០២ ឯកសាររដ្ឋបាលសាលាសង្កាត់មួយចំនួន ត្រូវបានសមត្ថកិច្ចជំនាញបញ្ជាក់ថា បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី ហើយបានប្រើប្រាស់រថយន្តការិយាល័យបង្កានិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើ១២ម៉ែត្រគូប, រថយន្តជំនួយ បុរីប៉េងហួត ចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ ០១ឡានស្មើនឹង ១០ម៉ែត្រគូបទើបរលត់ទៅវិញនៅម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃដដែល ៕