រាជធានីភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿង ដែលជារថយន្តសណ្តោងទ្រុងដឹកដំឡូង បើកបរក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវ ក្រឡាប់អូសផ្ងារជើងច្រង៉ាងកាត់ទទឹងផ្លូវ ធ្វើដំណើរលែងកើតតែម្តងលើផ្លូវមួយចំហៀង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ លើមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធុនធំ សណ្តោងទ្រុងដឹកដំឡូង មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0448 បើកបរដោយបុរសម្នាក់ ពីជើងទៅត្បូងក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតមកឆ្វេងដៃ បុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ហើយក្រឡាប់ផ្ងារជើង កាត់ទទឹងផ្លូវ ចាក់ដំឡូងចេញលើផ្លូវ តែគ្មានអ្នករងរបួសនោះទេ ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕