បន្ទាយមានជ័យ៖ ពិតជាសំណាងណាស់ ដែលគ្មាននរណាម្នាក់ រងរបួស ខណៈរថយន្តឡិចស៊ីសមួយគ្រឿង កំពុងបើកបរលឿនផង ស្រាប់តែមានម៉ូតូមួយគ្រឿង មកបត់នៅខាងមុខ ខ្លាចបុក ក៏បួងចង្កូតគេចជ្រុលធ្លាក់ចូលប្រឡាយ ក្រឡាប់ផ្ងារពោះក្នុងទឹក ផ្អើលពលរដ្ឋមិនតិចជាង១០នាក់ជួយគាស់ទ្វារយកមនុស្សក្នុងរថយន្តចេញ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានប្រាប់ថា៖ ករណីនេះ កើតឡើង ខណៈរថយន្តមួយគ្រឿងម៉ាក LEXUS RX300 បើកបរដោយឈ្មោះ ហ៊ិន រ៉ាសិទ្ធិ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដែលមានអ្នករួមដំណើរ៤នាក់ ស្រី២នាក់ ក្មេងម្នាក់ បានបើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងជិះស្របទិសគ្នា បត់ឆ្វេងដៃចូលផ្លូវបឹងជម្រុក ទើបរថយន្តនោះបួងចង្កូតភ្លាមៗ គេចឆ្វេងដៃ ក្រឡាប់ចូលប្រឡាយទឹកផ្ងាជើងឡើងលើតែម្តង ភ្លាមៗគេឃើញ ប្រជាពលរដ្ឋ មិនតិចជាង១០នាក់ បាននាំគ្នាជួយគាស់រថយន្តបើកទ្វារ យកអ្នកជិះក្នុងរថយន្តទាំង៤នាក់ចេញមកខាងក្រៅរួចផុតពីគ្រោះថ្នាក់ តែរថយន្តខូចខាតស្ទើទាំងស្រុង។
ម្ចាស់រថយន្តក៏បាន អគុណយ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋទាំងនៅជិតកន្លែងកើតហេតុនិងអ្នកធ្វើដំណើរតាមផ្លូវដែលបានឃើញហេតុគ្រោះថ្នាក់នេះ ហើយចុះមកជួយគាស់ទ្វារយកពួកគាត់ចេញផុតពីគ្រោះថ្នាក់ មិនដូច្នេះទេមិនដឹងទៅជាយ៉ាងណានោះទេ៕