រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តTOYOTA COROLLO បើកបរមិនប្រកាន់ស្តាំ បុកម៉ូតូដែលជិះបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីមន្ត្រីនគរបាល ស្លាប់យ៉ាងរន្ធត់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង កាលពីវេលាម៉ោង៤និង ២០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងទួលសំបូរ ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌដង្កោបញ្ជាក់ថា សាកសពជនរងគ្រោះដែលស្លាប់មានឈ្មោះ ដាញ់ ស៊ីថុល ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរនគរបាលជាតិ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ចំណែកអ្នកបើកបររថយន្តមានឈ្មោះ សួង ចាន់រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្បូងក្តី ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តម៉ាក TOYOTA COROLLO ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2O-2411 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ដោយបើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកម៉ូតូ មួយគ្រឿងម៉ាក SUZUKI SMASH REVO ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល 1-1803 ដែលជិះដោយបុរសម្នាក់ ជាមន្ត្រីនគរបាល បុកចំពីមុខពេញទំហឹងខណៈកំពុងជិះបញ្រ្ចាស់ទិសគ្នា បណ្ដាលអោយដួលបោកស្លាប់នៅកន្លែងកើតហេតុតែម្ដង ។ចំណែករថយន្តនិងម៉ូតូ រងការខូចខាតយ៉ាងដំណំ ហើយចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យកម៉ូតូនិងរថយន្ត រួមទាំងអ្នកបើកបរ យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕