ខេត្តបាត់ដំបង បើតាមប្រភពព័ត៌មានបានឲ្យដឹងថា, ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានស្រុកសង្កែ ដើម្បីធ្វើការសាកសួរ ហើយបានសារភាពថា ខ្លួនពិតជាបានរាយខ្សែភ្លើងឆក់ប្រពន្ធខ្លួនឯងមែន។
ក្រោយពេលសារភាពរួច នៅវេលាម៉ោង៨និ៤៥នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យក៏មានអាការៈថប់ៗដង្ហើម ទើបសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តរួចក៏បានស្លាប់តែម្តង សង្ស័យគាំងបេះដូង។
ជុំវិញករណីខាងលើបើតាមប្រភពព័ត៍មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ប្តីតែងដើរផឹកស៊ីស្ទើររាល់ថ្ងៃ និងប្រើប្រាស់គ្រឿងញៀន ពេលត្រឡប់មកដល់ផ្ទះវិញតែងតែ រករឿងប្រពន្ធកូនជាបន្តបន្ទាប់។ ប្រពន្ធអស់ការអត់ធ្មត់សុំ លែងលះគ្នា ហើយក៏បានទៅរស់នៅជាមួយម្តាយជាបណ្តោះអាសន្ននៅក្នុងភូមិបោះពោធិ៍ជាមួយគ្នា។ ក្រោយមកបុរសជាប្តីបានលួចតខ្សែភ្លើងពង្រាយដាក់ កាត់ទទឹងផ្ទះខ្វាត់ខ្វែង។ លុះនៅថ្ងៃកើតហេតុ ប្រពន្ធ បានលបមកយកខោអាវនៅលើផ្ទះដោយទាញជញ្ជាំង ស័ង្កសីលូនចូលក៏ឆក់ស្លាប់តែម្តង។ប្តីកំណាចបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃមែន ប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះ ជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះ ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង។
ដោយឡែកលោកស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលកន្លងមក កម្លាំងសមត្ថកិច្ចធ្លាប់ហៅមកណែនាំនិងធ្វើការអប់រំរួចមកហើយនៅអធិការដ្ឋានដើម្បីបញ្ចប់សកម្មភាព។
សូមបងប្អូនទាំងអស់គ្នា ! ជៀសឲ្យផុតពីគ្រឿងញៀន សារធាតុញៀននេះបានបំផ្លាញជីវិតមនុស្ស ធ្វើឱ្យមនុស្សបាត់បង់សុភមង្គល លែងដឹងខុសត្រូវ ប្រព្រឹត្តអំពើខុសឆ្គងក្នុងសង្គម ឈានដល់ការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។ ជាក់ស្ដែងបុរសជាប្ដី បានរាយខ្សែភ្លើងឆក់ប្រពន្ធ បណ្ដាលឲ្យស្លាប់ រួចខ្លួនជាប់គាំងបេះដូងស្លាប់តាមក្រោយ បន្សល់ទុកកូនឱ្យនៅកំព្រា រស់នៅក្នុងលោកយើងនេះ៕