ខេត្តបាត់ដំបង៖ នៅថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខ និងសោកស្តាយបំផុតចំពោះករណីឃាតកម្មដោយប្រេីខ្សែភ្លេីងឆក់បណ្តាលឲ្យប្រពន្ធឈ្មោះ ជា ចន្ទរចនា អាយុ៣០ឆ្នាំ បាត់បង់ជីវិតនៅនឹងកន្លែង ស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ កាលពីរសៀលម្សិលម៉ិញនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព បានបន្សល់កូនស្រី២នាក់ ហើយត្រូវជីដូនយកទៅចិញ្ចឹម និងសូមឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព។ ទន្ទឹមនឹងនេះ ឯកឧត្តម បានលេីកទឹកចិត្តដល់កូនស្រីទាំង២ នាក់ ត្រូវខិតខំតស៊ូដេីម្បីជីវិតរស់នៅបន្តទៀត និងមេីលថែទាំជីដូនឱ្យបានល្អ។
សូមបញ្ជាក់ថា ក្នុងមរណទុក្ខនេះ កាកបាទក្រហមកម្ពុជា បានចូលបុណ្យសពនូវ អង្ករ ៥០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធ១០កេស ទឹកក្រូច ២កេស និងថវិកា ១០,០០០,០០០រៀល ។ ដោយឡែក សាខា បានចូលបុណ្យ ថវិកាចំនួន ៥០០,០០០រៀល ឯកឧត្ដម អ៊ុត ក្លឹង សមាជិកគណៈកម្មាធិការសាខា២០០,០០០រៀលផងដែរ។
បញ្ជាក់ ៖ យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ រសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ត្រង់ចំណុចក្បែរស្ពាននាគស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បុរសជាប្តីដែលជាជនបង្កមានឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ ឆ្នាំ ឯប្រពន្ធដែលស្លាប់នោះមានឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើដោយអ្នកទាំង ២ មានកូនស្រី២នាក់ហើយកន្លងមកក៏តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នាហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំនិងប៉ូលិសប៉ុស្តិ៍ផងដែរ។ នៅចំពោះសមត្ថកិច្ច គឺបុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃមែនប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះទើបបណ្តាលអោយឆក់ស្លាប់តែម្តង៕ប្រភពផេកកាកបាទក្រហមកម្ពុជា