ខេត្តបន្ទាយមានជ័យ៖ អង្គុយផឹកទឹកត្នោតជូរត្រូវក្មេងស្ទាវ១ក្រុម ដេញកាប់រត់ចែកជើងគ្ នាយប់ស្អែកឡើងយកកាំបិតពូថៅចាំសងសឹក ត្រូវសមត្ថកិច្ចឃាត់ខ្លួន៤នាក់ នៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចជើងភ្នំដូងព្រះស្ថិតភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា៖ ជនសង្ស័យ៤នាក់ដែលត្រូវឃាត់ខ្លួនមាន ១.ឈ្មោះ សំណាង ជ័យ ភេទប្រុសអាយុ២១ឆ្នាំ ២.ឈ្មោះ ពៀត ពឿយ ភេទប្រុសអាយុ២១ឆ្នាំ ៣.ឈ្មោះ ខ្លី ចូវ ភេទប្រុសអាយុ១៧ឆ្នាំ ៤.ឈ្មោះ គា ដែន ភេទប្រុសអាយុ២៤ឆ្នាំជនសង្ស័យរស់នៅភូមិបែកចាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖ នៅពេលឃាត់ជនសង្ស័យ គឺកម្លាំងទទួលព័ត៌មានមានក្មេងស្ទាវ១ក្រុមប្រដាប់ដោយដាវនិងកាំបិតពូថៅ បានអង្គុយផឹកទឹកត្នោតរងចាំកាប់ទៅលើក្មេងស្ទាវក្រុមទៀតដែលដេញកាប់ពួកគេ ហើយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះបង្ក្រាបឃាត់ខ្លួនសង្ស័យ៤នាក់និងដកហូតបានដាវ១ កាំបិតឆ្នៃ១ ពូថៅ១ ចំពាមកៅស៊ូ១ ។
លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៤នាក់នាំយកសាកសួរតាមចម្លើយសារភាពគឺមូលហេតុពួកគេយកកាំបិតពូថៅតាមជាប់ខ្លួនព្រោះកាលយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នៅចំណុចតូបលក់ទឹកត្នោតជូរជើងភ្នំដូងព្រះស្ថិតភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានក្មេងស្ទាវ១ក្រុមមានជិះម៉ូតូ៣គ្រឿងបានដេញកាប់ពួកគេរត់ចែកជើងគ្នាហើយគុំបាននាំគ្នាកាន់កាំបិតពូថៅមកផឹកម្តងទៀតចាំសងសឹក១ក្រុមទៀតត្រូវសមត្ថកិច្ចចាប់ខ្លួន។ដោយយោងតាមចម្លើយសារភាពត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ ដោយ៖ចន្ត្រា