ខ្ចីម៉ូតូPCXគេថាទៅខ្ចីលុយ បែរជាយកទៅបញ្ចាំ១,០០០ដុល្លារហើយផ្តាច់៤០០ដុល្លារទៀត គេចខ្លួនមកក្រុងប៉ោយប៉ែតចាប់ខ្លួនបាន
សន្តិសុខសង្គម
246

បន្ទាយមានជ័យ៖ ខ្ចីម៉ូតូPCXគេថាទៅខ្ចីលុយបានយកទៅបញ្ចាំ ១,០០០ដុល្លារហើយ ផ្តាច់៤០០ដុល្លារទៀត គេចខ្លួនមកក្រុងប៉ោយប៉ែតចាប់ខ្លួនបាន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ កូវ រឹម ភេទប្រុសអាយុ៣០ឆ្នាំ (មុខរបបកម្មករ) រស់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ទុយ សុធា ហៅទូច ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្តឹងឈ្មោះ កូវ រឹម បានធ្វើសកម្មភាពខ្ចីម៉ូតូម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ 1GU-5061 ប្រាប់ថាទៅខ្ចីលុយគេនៅម្តុំសង្កាត់ទឹកថ្លា យកគេចហើយគេចខ្លួន បាត់កាលពីថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ ក្រោយទទួលព័ត៌មានឃើញជនសង្ស័យស្នាក់នៅក្រុងប៉ោយប៉ែត ក្រោយទទួលបណ្តឹងហើយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវចាប់ខ្លួនបាននៅ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅចំណុចស្ថានីយ៍ប្រេងឥទ្ធនៈកូដំរី ផ្លូវចូលស្រុកម៉ាឡៃ ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ក្រោយពេលឃាត់ខ្លួន នាំយកសាកសួរ តាមចម្លើយជនសង្ស័យ ខ្លួនបានខ្ចីម៉ូតូជនរងគ្រោះហើយយកទៅបញ្ចាំនៅ ចំណុចម្តុំផ្សារឃ្លាំងរំសេវ ទឹកប្រាក់ចំនួន ១,០០០ដុល្លារ ហើយបានទៅយកលុយ៤០០ដុល្លារទៀត លក់ដាច់ហើយគេចមកក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចចាប់ខ្លួន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕ ដោយ៖ចន្ត្រា


Telegram