ភ្លៀងនិងខ្យល់កន្រ្តាក់ បំផ្លាញតូបលក់ដូរអស់៦០តូប ផ្ទះអស់១៦ខ្នង និងប្រជាពលរដ្ឋរងរបួសចំនួន៥នាក់ នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលក្រុងប៉ោយប៉ែត បានបង្ហោះនៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយលោកចៅសង្កាត់ប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យដល់ទីតាំងដែលបានរងការខូចខាតស្ទើរទាំងស្រុងដោយភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតតូបលក់ដូរអស់៦០តូប ផ្ទះអស់១៦ខ្នង និងប្រជាពលរដ្ឋរងរបួសចំនួន៥នាក់តែមិនបណ្តាលបាត់បង់ជីវិតឡើយ ។
សូមបញ្ជាក់បន្ថែមថា ហេតុការណ៍បាតុភូតធម្មជាតិនេះកើតឡើងនៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ខណៈមិនមែនមានតែខេត្តបន្ទាយមានជ័យប៉ុណ្ណោះទេដែលមានការធ្លាក់ភ្លៀង សូម្បីតែបណ្តារខេត្តមួយចំនួនទៀត រួមទាំងរាជធានីភ្នំពេញ ក៏មានការធ្លាក់ភ្លៀងផងដែរ៕