រាជធានីភ្នំពេញ៖ ហាងយីហោ «ផ្ទះសុខភាព» ស្ទីម ម៉ាស្សាសូណាមួយកន្លែងដែលផ្គើននឹងបម្រាម រដ្ឋបាលរាជធានីភ្នំពេញ នៅលួចបន្តបើក ទៀត ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបិទទីតាំង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដោយឃាត់មនុស្ស១២នាក់។
គួររំលឹកផងដែរថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់វិធានការការអនុវត្តបម្រាមគោចរចាប់ពីម៉ោង៨យប់រហូតទៅដល់វេលាម៉ោង៥ភ្លឺ និងធ្វើរយៈពេល១៤ថ្ងៃ ផ្អាកចរាចរណ៍តាមដងផ្លូវនិងសកម្មភាពអាជីវកម្មផ្សេងៗ ដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
អាជ្ញាធរបានឱ្យដឹងថា ក្រោយក្រុមការងារបានត្រួតពិនិត្យឃើញថា ហាងខាងលើបានបន្តលួចបើកអាជីវកម្ម ទោះបីអាជ្ញាធរបានធ្វើការណែនាំក៏ដូចជាការជូនដំណឹងរួចមកហើយក្តី ក៏ម្ចាស់ហាងមួយនេះមិនបានចូលរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះដែរ។
អាជ្ញាធរបានចុះត្រួតពិនិត្យជាក់ស្ដែងឃើញថា ទីតាំងនេះពិតជាបើកដំណើរការមែននោះ ទើបអាជ្ញាធរខណ្ឌបានដឹកនាំកម្លាំងចុះបង្ក្រាប ហើយសម្រេចបិទទីតាំងមួយនេះជាបណ្ដោះអាសន្ន និងធ្វើការឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងភ្ញៀវចំនួន១២នាក់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យតែម្តង៕