ខេត្តបាត់ដំបង៖ នៅព្រឹកព្រលឹមថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២១វេលាម៉ោង៦និង៣០នាទី នៅចំណុចក្រុមទី០១ ផ្ទះលេខ២០ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានករណីឃាតកម្ម(កូនវាយសម្លាប់ឪពុកបង្កើត)មួយបានកើតឡើង ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ដោយជនបង្កជាកូនបង្កើតរបស់គាត់ឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ២៧ឆ្នាំបានធ្វើសកម្មភាពយកដែកស្បែង វាយឪពុកបង្កើតខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចកើតហេតុ ។
យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចថាអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខសារិន អធិការនគរបាលស្រុកបវេលបានធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី មកកាន់អធិការដ្ឋានធ្វើការស្រាវជ្រាវ ។
នៅទីបំផុតជនសង័្សយបានឆ្លើយតាមបែបរវើរវាយថា ការវាយសម្លាប់ឪពុករបស់ខ្លួនបែបនេះដោយសារតែឪពុកខ្លួនមានគ្រូកាន់ហើយ មានបំណងសម្លាប់រូបគេទើបគេវាយសម្លាប់ឪពុកនេះជាមុន ។ នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕