ក្រុមអ្នកដឹកអាហារតាម App របស់ក្រុមហ៊ុន​ WOW NOW ប្រមូលផ្ដុំគ្នា​នៅ​​មុខ​សាខាក្រុមហ៊ុន ដើម្បីទាមទារ​ឲ្យក្រុមហ៊ុន​រក្សា​តម្លៃ​ឈ្នួល​ដឹកឲ្យនៅ​ដូច​ដើម​
សន្តិសុខសង្គម
804

រាជធានីភ្នំពេញ ៖ ក្រុមអ្នកដឹកអាហារតាម App របស់ក្រុមហ៊ុន​ WOW NOW ជាច្រើននាក់ បាននាំគ្នាប្រមូលផ្ដុំគ្នា​ នៅ​ខាង​មុខ​សាខាក្រុមហ៊ុន ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣១០ ដើម្បីធ្វើការ​តវ៉ាទាមទារ ​ឲ្យក្រុមហ៊ុន​រក្សា​តម្លៃ​ឈ្នួល​ដឹក ឲ្យនៅ​ដូច​ដើម​

បន្ទាប់ពីក្រុមហ៊ុន បានប្រកាសទម្លាក់តម្លៃឈ្នួលដឹកទាបជាងមុន (មួយជើងបានត្រឹមតែ ៣០ ទៅ៣៥សេន) ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចមុខសាខាក្រុមហ៊ុន WOW NOW ស្ថិតនៅផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ​ នៅវេលាម៉ោង៣និង ១០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ​​​។

បើសម្ដី​អ្នកដឹកជញ្ជូនអាហារក្រុមហ៊ុន​ WOW NOW បានលើកឡើងថា​ នេះជាលើកទី១ហើយ​ ដែលខាងក្រុមហ៊ុន​បាន​​កាត់បន្ថយ​ប្រាក់​ឈ្នួល ដោយបានដាក់កម្រិតអោយពួកគេថា​ មិន​ថា​ជិត ឬ​ឆ្ងាយ​ ក៏​បញ្ចុះ​មក​នៅ​ត្រឹមតែ​៣០ទៅ៣៥សេន និងឆ្ងាយត្រឹម៥០សេនប៉ុណ្ណោះ ក្នុង​មួយ​ជើង ​និងដាក់​លក្ខខណ្ឌទៀត​ថា​ អ្នកណាធ្វើបានក៏ធ្វើ​ អ្នកណាធ្វើមិនបាន​ គឺអាចឈប់បាន ដោយមិនខ្វល់ពីបុគ្គលិកឡើយ ។

ពួកគាត់បានបន្តថា បើគិតតម្លៃឈ្នួលដឹក ក្នុងមួយជើងត្រឹម​៨០សេន តាមជិតតាមឆ្ងាយ ក្នុង​​មួយ​ថ្ងៃ​​ពួកគាត់ ក្នុងម្នាក់ដឹកបានត្រឹម១០ទៅ១៥ជើងប៉ុណ្ណោះ​ ហើយ​ទូទាត់​​ថ្លៃ​ចាក់​សាំង និង​ហូប​បាយ​អស់​ទៅហើយ​ ពួកគាត់​នៅ​ត្រឹមតែ​១​ម៉ឺនឬ២ម៉ឺន​រៀល​ប៉ុណ្ណោះ។​ បើក្រុមហ៊ុនទម្លាក់ថ្លៃដឹក​ក្នុងមួយជើង បានតែ៣៥ ទៅ៣៧សេន​ និងខ្ពស់បំផុតត្រឹមតែ៥០សេនប៉ុណ្ណោះ តើពួកគាត់ទៅជាយ៉ាងណា? ដូច្នេះហើយ​ពួកគេជាអ្នក​ដឹកជញ្ជូន​អាហារតាម App មួយជើងមិនបាន១ដុល្លារផង លើកដៃសំពះសូមដល់ ក្រសួង ស្ថាប័ន រួមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ​ទាំងអស់ មេត្តាជួយរកដំណោះស្រាយជូនពួកគេទាំងអស់គ្នានេះផង ។

ទាំងនេះជាការលើកឡើងរបស់បុគ្គលិក អ្នកដឹកជញ្ជូន WOW NOW តែប៉ុណ្ណោះ មិនទាន់បានការបញ្ជាក់ពីក្រុមហ៊ុននោះទេ ៕ មេសា


Telegram