នៅព្រឹកនេះលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ និងស្ត្រីសង្ស័យចែកចាយគ្រឿ../ងញៀ./...ន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ ក្រោយបែ..//កធ្លា../យសារសំឡេងទារលុយ ១លានរៀលពីនារីម្នាក់ពាក់ព័ន្ធគ្រឿ../ងញៀ../.ន (មានវីដេអូ)
សន្តិសុខសង្គម
77

រាជធានីភ្នំពេញ ៖ ក្រោយបែកធ្លាយវីឌីអូ ជាសារសំឡេងឆ្លងឆ្លើយគ្នាតាមទូរសព្ទរវាងលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៃខណ្ឌពោធិ៍សែនជ័យ ជាមួយនឹងស្ត្រីអ្នកពាក់ព័ន្ធគ្រឿងញៀន ដោយចរចាគំរាមទារលុយកាក់ចំនួន១លានរៀល ជាថ្នូរបញ្ចប់រឿងមិនស្រាវជ្រាវចាប់បន្តទៀតរួចមក លោក វ៉ា សារ៉ង ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចឃាត់ខ្លួនបញ្ជូនទៅតុលាការហើយ នៅរព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ បានដឹកនាំកម្លាំងប្រជាការពារ និងប្រធានភូមិ ចុះធ្វើរដ្ឋបាល ហើយបានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ នី គឹមអាន ដកហូតថ្នាំញៀនចំនួន៥៦កូនកញ្ចប់តូច និងអ្នកប្រើប្រាស់មួយចំនួនទៀត ។

ក្រោយឃាត់ខ្លួន លោកប្រគល់ក្រុមជនសង្ស័យ ឲ្យនគរបាលប៉ុស្តិ៍ចាត់ការតាមនីតិវិធី ដោយឡែកឈ្មោះ ស៊ុយ ជីវ៉ា ហៅកុត ភេទស្រី អាយុ១៧ឆ្នាំ បានពិនិត្យទឹកនោមគ្មានសារធាតុញៀន ក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ប្រហែលមួយសប្តាហ៍ក្រោយ លោកចៅសង្កាត់បានទទួលព័ត៌មានថា ឈ្មោះ ស៊ុយ ជីវ៉ា ដែលត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យ នី គឹមអាន ក៏ជាមុខសញ្ញាចែកចាយគ្រឿងញៀនដែរ ហើយក៏បានទាក់ទងតាមទូរសព្ទទៅឈ្មោះ ស៊ុយ ជីវ៉ា ដើម្បីទារប្រាក់១លានរៀល ថ្នូរនឹងការបញ្ចប់រឿង មិនស្រាវជ្រាវចាប់បន្តទៀត ហើយនារីឈ្មោះ ស៊ុយ ជីវ៉ា ក៏បានថតសំឡេងទុក រួចបាញ់ឲ្យអ្នកជិតខាង ហើយក៏ធ្លាយដល់អ្នកសារព័ត៌មាន យកទៅបង្ហោះផ្សាយតែម្តង ។

សារសំឡេងនេះ ត្រូវបានគេទម្លាយ និងចែកចាយជាបន្តបន្ទាប់ តាមបណ្តាញទំនាក់ទំនងសង្គមនានាជាច្រើន ដោយជាការឆ្លើយឆ្លងគ្នាតាមទូរសព្ទដៃរវាងនារីឈ្មោះ ស៊ុយ ជីវ៉ា ជាមួយលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ និយាយរឿងសុំបង់ប្រាក់ចំនួន១លានរៀល ។

ក្រោយទទួលបានព័ត៌មាននេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាទៅសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន កោះហៅ ភាគីពាក់ព័ន្ធ រួមមានលោកចៅសង្កាត់ចោមចៅទី២ ឈ្មោះ វ៉ា សារ៉ង និងនារីឈ្មោះ ស៊ុយ ជីវ៉ា (អ្នកថតសំឡេង) ចូលមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ច ដោយលោកចៅសង្កាត់ វ៉ា សារ៉ង បានបំភ្លឺថា គាត់បានដឹកនាំកម្លាំងប្រជាការពារចាប់ឃាត់មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន២នាក់ មានស្រីម្នាក់ មានឈ្មោះ ស៊ុយ ជីវ៉ា អាយុ១៧ឆ្នាំ និងឈ្មោះ នី គឹមអាន ហៅ ផេវ ភេទប្រុស អាយុ៤២ឆ្នាំ ដោយចាប់យកវត្ថុតាងថ្នាំញៀនទឹកកក ៥៦កញ្ចប់តូច កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ រួចបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ហើយធ្វើតេស្តទឹកនោមលើអ្នកទាំងពីរ ជាលទ្ធផល នារីឈ្មោះ ស៊ុយ ជីវ៉ា ហៅកុត មិនមានសារធាតុញៀន ក៏អប់រំឲ្យទៅលំនៅដ្ឋានវិញ ។

ប៉ុន្តែលោកចៅសង្កាត់ ក៏បានទទួលស្គាល់ថា លោកបានទូរសព្ទទៅគំរាមកំហែងទារលុយ ចំនួន១លានរៀន ជាថ្នូរនឹងមិនតាមចាប់ខ្លួននារីឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ដូចក្នុងសារសំឡេង ដែលគេបង្ហោះតាមបណ្ដាញសង្គម ពិតប្រាកដមែន ។

ចំណែកឯ នារីឈ្មោះ ស៊ុយ ជីវ៉ា បានបំភ្លឺថា ខ្លួនពិតជាត្រូវបានចាប់ និងដោះលែងវិញ ដោយសារមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្រាកដមែន។ លោកចៅសង្កាត់ចោមចៅ២ ពិតជាបានទូរសព្ទ មកគំរាមកំហែងទារប្រាក់ខ្លួន ចំនួន១លានរៀល ជាច្រើនលើកច្រើនសារ ហើយខ្លួនមានការភិតភ័យ ក៏លួចថតសំឡេងលោកចៅសង្កាត់ទុក រួចផ្ញើទៅអ្នកស្គាល់គ្នា ហើយគេក៏បង្ហោះក្នុងបណ្តាញសង្គម ។

ក្រោយបញ្ចប់ការសួរនាំ ទាំងលោកចៅសង្កាត់ និងនារីឈ្មោះ ស៊ុយ ជីវ៉ា ត្រូវបាននគរបាលសម្រេចឃាត់ខ្លួនទាំង២នាក់ ហើយបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៀតទៅតាមនីតិវិធីច្បាប់ ៕



Telegram