រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់ អាយុ១០ឆ្នាំ មានជម្ងឺដុះសាច់ និងទឹកដក់ក្នុងខួរក្បាល បន្ទាប់ពីក្រុមគ្រួសារ នាំចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រុមគ្រូពេទ្យពិនិត្យព្យាបាលអស់លទ្ធភាព ទីបំផុតបានស្លាប់ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ខណៈក្រុមគ្រួសារជីវភាពកំពុងក្រីក្រ រកតែសោហុយដឹកសពកូនទៅស្រុកមិនបានផង ត្រូវបានអង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនសពទៅស្រុកកំណើត ដោយក្តីអាណិតអាសូរ និងជាការចូលរួមរំលែកទុក្ខ អង្គភាពជួយជាបច្ច័យមួយចំនួន និងអង្ករផងដែរ ។
សពក្មេងប្រុសឈ្មោះ លី ម៉េងហៀង អាយុ១០ឆ្នាំ មានឪពុកឈ្មោះ អាន សាវឿន អាយុ៣០ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ យឹង ស្រីពៅ អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។
តាមការយំរៀបរាប់ពីបុរសជាឪពុក បានឲ្យដឹងថា គ្រួសាររបស់គាត់រស់នៅក្នុងជីវភាពក្រីក្រ ធ្វើការមួយថ្ងៃសម្រាប់ហូបមួយថ្ងៃ ចិញ្ចឹមកូនចំនួន៤នាក់ ក៏ប៉ុន្តែមកដល់ពេលនេះ គ្រាដែលកំពុងក្រហើយ កូនមានជម្ងឺ នាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល៣ខែមកហើយ ជាអកុសលបានស្លាប់ នៅរសៀលម្សិលមិញ រកតែលុយធ្វើសោហុយដឹកសពកូនទៅស្រុកមិនបាន ត្រូវបានអង្គភាព៧១១ កងពលតូចលេខ៧០ ជួយអន្តរាគមន៍ ដឹកបញ្ជូនសពបានយកទៅធ្វើបុណ្យឯស្រុកកំណើត រួមជាមួយបច្ច័យមួយចំនួន អង្ករ ទៀត ពិតជាអរគុណខ្លាំងណាស់៕ មេសា