យកកាំបិ...តទៅឆ្កាព្រៃមាត់ទន្លេ រួចចុះទៅស្ទូចត្រីជាមួយប្អូន ស្រាប់តែលឺសំឡេងស្រែកឲ្យ «អូយ ជួយផង» ក្រឡែកមក ឃើញបងឆ...ក់ខ្សែភ្លើង ធ្លាក់ចូលទឹកស្លា...ប់!
សន្តិសុខសង្គម
100

រាជធានីភ្នំពេញ ៖ បុរសម្នាក់ យកកាំបិតទៅឆ្កាព្រៃមាត់ទន្លេ រួចចុះទៅស្ទូចត្រី ស្រាប់តែលឺសំឡេងស្រែកឲ្យ អូយ ជួយផង ប្អូនក្រឡែកមក ឃើញបង ឆក់ខ្សែភ្លើង រួចធ្លាក់ចូលទឹក នាំគ្នាចុះជួយស្រង់បញ្ជូនមកពេទ្យដែរ តែពេលមកដល់ ពេទ្យថា ស្លាប់បាត់ទៅហើយ ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៣និង ៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមាត់ទន្លេមេគង្គ ក្រោមផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហួត សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ២៤៥ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រកឃើញវត្ថុតាងមាន ខ្សែភ្លើង១ខ្សែ មាន២សសៃ ពណ៌ក្រហម និងពណ៌ខ្មៅ ប្រវែង៥,៥៦ម ទំហំខ្សែ១x១,៥មម , កាំបិតផ្គាក់១ដើម, ស្បែកជើងប៉ាតា១គូរប្រឡាក់ភក់ និងបំណែកហ្គេនជ័រ១កង់ ដោយសាកសពពាក់អាវដៃវែង ស្លៀកខោជើងវែង (ខោអាវផ្លាស់ថ្មី) សាកសពមានសភាពរឹង ស្លាកស្នាមនៅលើខ្លួនសាកសព មានស្នាមឆក់ឆេះខ្លោចនៅខ្នងប្រអប់ដៃស្តាំ១កន្លែង។

ក្នុងនោះ យោងតាមការបំភ្លឺពីឈ្មោះ ហួត វាសនា ភេទប្រុស ជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១ រសៀល បងប្រុសរបស់គាត់ បានទៅស្ទូចត្រីជាមួយខ្ញុំនៅមាត់ទន្លេបាសាក់ ពីខាងក្រោមផ្ទះទុកចោល១កន្លែង, ដោយបានយកកាំបិតទៅត្រាយព្រៃមាត់ទន្លេ មួយស្ទុះក្រោយមកស្រាប់តែលឺសម្លេងបងគាត់ ស្រែកឲ្យជួយផង ទើបគាត់រត់ទៅមើល ឃើញបងរបស់គាត់ ឆក់ដៃខាងស្តាំជាប់នឹងខ្សែភ្លើង១ខ្សែ ហើយក៏បានរបូតដៃចេញពីខ្សែភ្លើងធ្លាក់ចូលទៅក្នុងទឹក ទើបគាត់បានទៅជួយនាំទៅមន្ទីរពេទ្យ តែពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ទៅហើយ។

ដោយឡែក តាមការ បំភ្លឺពីឈ្មោះ កាន វុត្ថា ភេទប្រុស ជាអ្នកមើលថែផ្ទះបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៣និង៤០នាទីរសៀល មានគេមកប្រាប់គាត់ថា មានមនុស្សឆក់ខ្សែភ្លើងនៅខាងក្រោយផ្ទះជាប់មាត់ទន្លេ ទើបគាត់បានទៅមើល ឃើញមានមនុស្សប្រុសចំនួន៣នាក់ បានជួយធ្វើចលនាសង្គ្រោះជនរងគ្រោះ គាត់ក៏បានឲ្យពួកគេលើកជនរងគ្រោះឡើងមកលើចេញតាមទ្វារផ្ទះទៅក្រៅនាំទៅមន្ទីរពេទ្យ និងបានទំនាក់ទំនងជាងភ្លើងមកកាត់ខ្សែភ្លើងចេញពីព្រីភ្លើងនៅសំយ៉ាកផ្ទះខាងក្រោយ រួចក្រោយមកទើបគាត់ដឹងដំណឹងថាជនរងគ្រោះស្លាប់។

តាមការពិនិត្យ ស្ថានភាពកន្លែងកើតហេតុនៅបរិវេណផ្ទះទុកចោលខាងក្រោយ ផ្នែកខាងក្រោមជាប់នឹងមាត់ទន្លេ ឃើញមានរៀបសសេរថ្ម និងគ្រោងដែកសំរាប់ជាទម្រសំយ៉ាកផ្ទះផ្នែកខាងក្រោយ, នៅជាប់នឹងដីភក់ក្រោមផ្ទះឃើញមានកាំបិតផ្គាក់ដងជ័រទុយោពណ៌ខ្មៅចំនួន១ ដើមដោតចូលដី, នៅលើដីភក់មាត់ទន្លេមានស្បែកជើងប៉ាតា១គូរប្រឡាក់ភក់, និងបំណែកជ័រហ្គេនសំរាប់ស៊កខ្សែភ្លើងចំនួន១កង់។ ឃ្លាតពីស្បែកជើងឡើងទៅលើប្រវែង១,៣០ម ស្ថិតនៅគ្រោងដែកទ្រសំយ៉ាកខាងក្រោយឃើញមានស្នាមភក់ប្រឡាក់ចំនួន២កន្លែង កម្លាតពីស្នាម១ទៅស្នាម១ប្រវែង៥០ស.ម។ ឃ្លាតពីស្នាមភក់ឡើងទៅលើប្រវែង២,៩០ម ស្ថិតនៅសំយ៉ាកខាងក្រោយឃើញមានហ្គេនជ័រសំរាប់ស៊កខ្សែភ្លើងបន្លាយចុះមកក្រោមប្រវែង២០ស.ម។ ឃ្លាតពីហ្គេនជ័រឡើងលើប្រវែង១,៦៥ម ស្ថិតនៅជាប់បង្គោលដែកសំយ៉ាកខាងក្រោយ ឃើញមានព្រឺភ្លើង១ចាប់ជាប់បង្គោលដែក ឆ្លងតាមការចង្អុលបង្ហាញពីឈ្មោះ កាន វុត្ថា ភេទប្រុស ជាអ្នកមើលថែផ្ទះថា នៅត្រង់ព្រឺភ្លើងសំយ៉ាកខាងក្រោយនេះមានខ្សែភ្លើង១ខ្សែដោតចូលព្រឺភ្លើង និងបន្លាយចូលហ្គេនជ័រទំលាក់ចុះទៅក្រោម, ក្រោយពេលកើតហេតុខ្ញុំហៅជាងភ្លើងមកកាត់ខ្សែភ្លើងចេញពីព្រីភ្លើង។ ពិនិត្យខ្សែភ្លើងដែលត្រូវបានកាត់ចេញពីព្រីភ្លើង ឃើញមានចំនួន២សសៃពណ៌ក្រហម និងពណ៌ខ្មៅ, ចុងខ្សែម្ខាងមានស្នាមកាត់ចេញលួសទាំង២សសៃ, ចុងខ្សែម្ខាងទៀតមានរុំស្កុតពណ៌ខ្មៅចូលគ្នាហើយខ្សែភ្លើងពណ៌ក្រហមលៀនចេញពីស្កុតរុំពណ៌ខ្មៅប្រវែង៧ស.ម ចុងខ្សែចេញលួស, ចំណែកចុងខ្សែភ្លើងពណ៌ខ្មៅរុំជាប់ចុងខ្សែជាមួយស្កុតពណ៌ខ្មៅ។

ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ពិតមែន និងប្រគល់សពឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ មេសា


Telegram