ផឹកស៊ីច្រៀងលេងជាមួយគ្នា ខឹ..ងគេមិនឱ្យច្រៀង ទាញកាំបិ....តកា...ប់ របួសជាច្រើនកន្លែង
សន្តិសុខសង្គម
160

ខេត្តព្រៃវែង៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា បុរស ៣នាក់ ផឹកស៊ី និងច្រៀងលេងកម្សាន្តជាមួយគ្នាសុខៗក៏កើតមានជាទំនាស់ពាក្យសម្ដី រហូតឈានដល់បង្កហិង្សាទាញកាំបិតកាប់មកលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ ដោយសារតែជនសង្ស័យខឹងជនរងគ្រោះមិនឱ្យខ្លួនច្រៀង ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១៧ និង ១៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ ឥត ឃ្លី ស្ថិតក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។

ជនសង្ស័យមានឈ្មោះ ឡុង ឈីត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។ ជនរងគ្រោះមានឈ្មោះ ពៅ វីរៈ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានរងរបួសចំនួន ៣កន្លែង ត្រង់ក្បាល ត្រង់ស្មា និងត្រចៀក ។

គួរបញ្ជាក់ថា នៅវេលា និងទីតាំងកើតហេតុខាងលើ ឈ្មោះ ឡុង ឈីត (ជនសង្ស័យ), ឈ្មោះ ពៅ វីរៈ (ជនរងគ្រោះ) និងឈ្មោះ ឥត ឃ្លី (ជាម្ចាស់ផ្ទះ) បានផឹកស៊ីជាមួយគ្នា និងច្រៀងលេងកម្សាន្ត ដោយយកទូរស័ព្ទរបស់ឈ្មោះ ឡុង ឈីត (ជនសង្ស័យ) មកចាក់ច្រៀង ពេលនោះជនសង្ស័យ បានខឹងជនរងគ្រោះមិនឱ្យខ្លួនច្រៀង និងបានទាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏បានយកទូរស័ព្ទខ្លួនវិញ រួចដើរចេញទៅផ្ទះបាត់ទៅ លុះបន្តិចក្រោយមកក៏ត្រឡប់មកវិញយកកាំបិតមកកាប់ជនរងគ្រោះ បណ្ដាលឱ្យរងរបួស ៣កន្លែង ត្រង់ក្បាល ស្មា និងត្រចៀក ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមជរ បានចុះអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកពាមជរ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ដោយឡែក ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់យកមកអធិការដ្ឋាននគរបាលស្រុកពាមជរ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ 


Telegram