ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ បានបញ្ជូនរូបភាព ស្ទាវបង្ហោះម៉ូតូលើខ្នងភ្នំគីរីរម្យ វេលាម៉ោង៩និង៣០នាទី បញ្ជូនឲ្យសមត្ថកិច្ចនគរបាល ខណៈម៉ូតូដែលបង្ហោះនេះ ជាម៉ូតូធំម៉ាក HONDA CBR កម្លាំង 1000CC ពណ៌ខ្មៅ គ្មានផ្លាកលេខ 97 នៅចំណុចលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងភូមិ ថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើល និងគ្រោះថ្នាក់បំផុត។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
បន្ទាប់ពីបានឃើញ សកម្មភាពនៅក្នុងវីដេអូ និង ទទួលបានបញ្ជាររបស់លោកឧត្ដមសេនីយ៍ទោ សម សាមួនស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ និងឃាត់បានម្ចាស់ម៉ូតូខាងលើមានឈ្មោះ ហ៊ុត លីម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ រួមជាមួយវត្ថុតាងម៉ូតូនាំមកសាកសួរនៅអធិការរដ្ឋាននគរបាលស្រុកភ្នំស្រួច ។
យោងតាមប្រភពអោយដឹងថា ម្ចាស់ម៉ូតូនេះគឺមានជំនាញខាងបង្ហោះម៉ូតូនិងធ្លាប់ធ្វើសកម្មភាពច្រើនលើកច្រើនសារណាស់មកហើយ ក្នុងពេលធ្វើសកម្មភាព គឺគេចង់បង្ហាញអំពីទេពកោសល្យនិងទឹកដៃរបស់គេក្នុងការអនុវត្តតាម ប្រព័ន្ធបណ្ដាញ YOUTUBE បុគ្គលខាងលើបានទទួលស្គាល់ថា សកម្មភាពបង្ហោះម៉ូតូគឺខ្លួនប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាអប់រំណែនាំមិនអោយប្រព្រឹត្ដសកម្មភាពបែបនេះជាលើកបន្ដ ព្រោះនាំអោយមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនិងរស់នៅប្រកបអាជីវកម្មនានា ពិសេសភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលទង្វើធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ៕