ខេត្តតាកែវ៖ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានសហការជាមួយនាយកដ្ឋានសវនកម្មគយនិងរដ្ឋាករកម្ពុជា និងសាខាគយ និងរដ្ឋាករកម្ពុជាខេត្តតាកែវ បានធ្វើការដុតកំទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ ក្នុងនោះមាន គ្រឿងសមុទ្រ និងសាច់បង្កក ចំនួន ៨ ៨១២ គីឡូក្រាម ដែលរឹបអូសបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងដីឡូដ៏មួយកន្លែងស្ថិតនៅភូមិព្រៃមោក ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។
ទំនិញដែលត្រូវបានបំផ្លាញចោលនេះ រួមមាន ៖
១.បង្គាក្លាស្សេ ចំនួន ៣៩៤កេស ទម្ងន់សរុបប្រមាណ ៧,០៩២ គីឡូក្រាម
២.មឹកក្លាស្សេ ចំនួន ៧កេស ទម្ងន់សរុបប្រមាណ ១៤០ គីឡូក្រាម
៣.ក្តាមក្លាស្សេ ចំនួន ១៦កេស ទម្ងន់សរុបប្រមាណ ១៦០គីឡូក្រាម
៤.ក្តាមប្រៃក្លាស្សេ ចំនួន ១៩កេស ទម្ងន់សរុបប្រមាណ ៧៦០ គីឡូក្រាម
៥.សាច់គោបង្កក ចំនួន ១០កេស ទម្ងន់សរុបប្រមាណ ៦៦០ គីឡូក្រាម
ទម្ងន់សរុបប្រមាណ ៨,៨១២ គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា យោងតាមប្រកាសអន្តរក្រសួងលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ(កាំកុងត្រូល) ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះមកជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»។
មន្រ្តីជំនាញទាំងពីរស្ថាប័នតែងតែសហការគ្នាក្នុងការទប់ស្កាត់ បង្ការ ហាមឃាត់ នូវទំនិញដែលគ្មានគុណភាព សុវត្ថិភាព និងមិនអនុលោមតាមបទប្បញ្ញត្តិ ដើម្បីការពារនូវសុខុមាលភាព និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។