ខេត្តស្វាយរៀង ៖ ពិតជាខ្លាំងដៃមែន ដេញកាប់គេ ធ្លាក់ស្រែ មនុស្សរត់រួច កាប់កម្ទេចម៉ូតូ រួចថតវីដេអូទៀត មានអី រត់បានប៉ុន្មាន សំណាញ់ច្បាប់ បង់ជាប់មកវិញ ឃាត់ខ្លួនបាន ៤នាក់ ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៨និង ២៥នាទី ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈការដេញកាប់ យ៉ាងប្រសាចនេះ បានបង្កការភ្ញាក់ផ្អើល និងភិតភ័យដល់អ្នកភូមិខ្លាំង ។
ក្រោយកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានទទួលពាក្យបណ្តឹងពីម្ដាយជនរងគ្រោះ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ បានមកដាក់ពាក្យបណ្តឹងថា មានជនសង្ស័យ ជាច្រើននាក់(ប្រុស) ដែលរស់នៅភូមិអង្កាញ់ភូមិប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានជិះម៉ូតូដេញកាប់កូនគាត់ និងមិត្តភក្តិចំនួន២នាក់ទៀត ប៉ុន្តែមិនត្រូវដោយ កូនគាត់ផ្តួលម៉ូតូរត់គេចខ្លន នៅពេលនោះជនសង្ស័យ និងក្រុមបក្ខពួកជនសង្ស័យបានរួមគ្នាកាន់ដាវកាប់ម៉ូតូខូចខាតអស់។
កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបានរាយការណ៍ ដល់លោកស្នងការនគរបាលខេត្តស្វាយរៀងព្រនទាំងសុំយោបល់ លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រធាតុ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់និងដកហូតយកវត្ថុតាង ដាវចំនួន០១ ម៉ូតូចំនួន០២គ្រឿងផងដែរ។
តាមបំភ្លឺពីជនរងគ្រោះ និងសាក្សី បានឆ្លើយថា កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣ វេលាម៉ោង ៣និង១០នាទីរសៀល ខ្លួននិងមិត្តភក្ត្រ័២នាក់បានជិះម៉ូតូឌុបគ្នាចេញពីផ្ទះគោលបំណងទៅរៀននៅវិទ្យាល័យហ៊ុនសែនក្រោលគោ ខណៈកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមាន ជនសង្ស័យជាច្រើននាក់បានជិះម៉ូតូចំនួន០៣គ្រឿងកាន់ដាវដេញកាប់រហូត ដល់ចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខ្លួននិងមិត្តភក្ត្រ័ភ័យ ក៏ផ្តួលម៉ូតូរត់គេចខ្លួន ពេលនោះក្រុមបក្សពួកជនសង្ស័យបានរួមគ្នាកាប់ម៉ូតូខ្លួនខូចខាតអស់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានរួបរួមគ្នាខ្លះកាន់ដាវខ្លះកាន់ជំពាមកៅស៊ូ ដេញបាញ់ និងកាប់ជនរងគ្រោះមែនប៉ុន្តែជនរងគ្រោះបានផ្តួលម៉ូតូរត់គេចខ្លួន ពួកខ្លួនក៏កាប់ម៉ូតូបណ្តាលអោយបាក់បែកខូចខាតមែន។...
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់៕