ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាព យកដំបង វាយមនុស្សស្រី បណ្តាលឲ្យរបួសហូរឈាម កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ចំណុចក្រុមទី១៤ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ នេះបើយោងតាមគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ទឹន សំណាង ហៅ ណាង ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វេីសកម្មភាពប្រើប្រាស់ដំបងវាយទៅលើជនរងគ្រោះឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលអោយរលាត់ក្បាលចេញឈាម។
ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបាន ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទឹន សំណាង ហៅណាង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។ ក្រោយពីការសាកសួរជនសង្ស័យពិតជាបានធ្វើសកម្មភាព យកដំបងវាយទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕