ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់បានទទួលព័ត៌មានថា មានករណីហិង្សាមួយបានកើតឡើងរវាងជនជាតិវៀតណាម និងជនជាតិចិន ២ក្រុម (ក្នុងនោះ១ក្រុមមានគ្នា១នាក់ឯង និង១ក្រុមទៀតមានគ្នា១២នាក់) កាលពីវេលាម៉ោង ១២ និង៣០នាទី យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅមុខអាគារកាស៊ីណូ វ៉ាង ឆាវ ជាប់សាលាបឋមសិក្សាកម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ នេះបើយោងតាមគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។
ក្រោយពីទទួលដំណឹងភ្លាមការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់ បានចុះនៅដល់ទីតាំងកើតហេតុខាងលើ និងដោយមានការសម្របសម្រួល នីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ ឆែកឆេរនៅក្នុងអាគារ កាស៊ីណូខាងលើ ឃាត់ខ្លួនបានមនុស្សចំនួន១៣នាក់ ពាក់ព័ន្ធករណីហិង្សា (វាយគ្នាទៅវិញទៅមក)។ កំឡុងពេលចុះឆែកឆេរ កម្លាំងជំនាញបានរកឃើញ ជនសង្ស័យចំនួន២នាក់បន្ថែមទៀតដែលកំពុងស្នាក់នៅក្នុងបន្ទប់លេខ 8515 នៃអាគារខាងលើ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (អាវុធខ្លីម៉ាក K54 ចំនួន១ដើម បង់១ គ្រាប់៤គ្រាប់ និងកាំបិតចំនួន៣ដើម)។
ពេលនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង១៥នាក់ រួមទាងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។