ក្រុមចោរលួចម៉ូតូយ៉ាងសកម្ម ដែលធ្លាក់លួច ៨លើកមកហើយ ត្រូវសមត្ថកិច្ចបង្ក្រាបបាន
សន្តិសុខសង្គម
61


ខេត្តឧត្ដរមានជ័យ៖ មុខសញ្ញាចោរកម្ម​ លួចម៉ូតូក្នុងខេត្តឧត្ដរមានជ័យ ជាច្រើនករណី ក្រោយទទួលដំណឹងពីនគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានចាត់ផែនជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ធំ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈឿន ឈុត ភេទប្រុស អាយុ ៤៦ ឆ្នាំ ភូមិដងផ្ដៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ រួមនឹងម៉ូតូ ០១គ្រឿង ក្រោយជំនាញសួរនាំ ជនសង្ស័យបានសារភាពថាធ្លាប់បានទិញម៉ូតូចំនួន ៥គ្រឿង ក្នុងមួយគ្រឿងតម្លៃ ៥០០ដុល្លារ ម៉ូតូដែលបានលួចមកពីខេត្តឧត្តរមានជ័យ ។ នេះបើយោងតាមគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញ បានចុះសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ធំ និងខេត្តសៀមរាប ឈានដល់ឃាត់ខ្លួនឈ្មោះ គង់ លក្ខ ភេទប្រុស អាយុ៤៩ឆ្នាំ និងដកហូតរថយន្ត ០១គ្រឿង ម៉ូតូ ០១គ្រឿង និងឧបករណ៍ប្រព្រឹត្តបទល្មើសមួយចំនួន ក្រោយសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួននិងបក្សពួក ០៦នាក់ បានប្រព្រឹត្តបទល្មើសជាមួយគ្នា ហើយធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ មានចំនួន ០៨ លើក។

ក្រោយសួរនាំរួច ជំនាញបានចេញប្រតិបត្តិការ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន ០៤នាក់៖

១- ឈ្មោះ ថ្លាន់ ថ្លៃ អាយុ ៤៩ឆ្នាំ រស់នៅភូមិក្រូចសាខន សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ

២- ឈ្មោះ គង់ រិទ្ធ អាយុ ៤៩ឆ្នាំ រស់នៅភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ

៣- ឈ្មោះ ឆាតជី អាយុ ៤៤ឆ្នាំ រស់នៅភូមិបេង ស្រុកស្រីស្នំ ខេត្តសៀមរាប

៤- ឈ្មោះ ហាត់ ហ៊ាង អាយុ ១៦ឆ្នាំ រស់នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងឃាត់បានរថយន្ត highlander ០១ គ្រឿង ធ្វើសកម្មភាពលួចម៉ូតូ នៅស្រុកត្រពាំងសាទ ។

ពេលនេះ ជនសង្ស័យទាំងអស់ខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ រីឯបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជាវ ៕ 


Telegram