រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា បុរសដែលបានទះកំផ្លៀង លើនារីម្នាក់ រឿងជិះម៉ូតូសាចទឹកនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការនៅព្រឹកនេះ ដើម្បីចាត់ការតាមច្បាប់ ។
សូមរំលឹកថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួន បុរសដែលទះកំផ្លៀងមនុស្សស្រី រឿងជិះម៉ូតូសាចទឹក បានហើយ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោយមានការភ្ញាក់ផ្អើលលើបណ្តាញសង្គម ពីករណីហិង្សារមួយ ដោយបុរសម្នាក់ បានវាយទៅលើមនុស្សស្រីម្នាក់ រួចផ្ទុះហិង្សាតបទៅវិញពីសំណាក់បុរសម្នាក់ទៀត ក្រោយផ្តើមចេញពីរឿង ជិះម៉ូតូសាចទឹក ។
ក្នុងនោះយោងតាម ការបង្ហោះ របស់អាខោនហ្វេសប៊ុកឈ្មោះ Eli Mean នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា « ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះ បងស្រីនឹងប្អូនប្រុស ក៏បាន សុំទោស ហើយនិយាយស្រួលជាមួយដែរ តែពូនឹងដឹងមិចទេនិយាយមិន ចេះស្តាប់ហើយចង់តែលើកដៃវាយនឹងប្រើពាក្យសម្តីជេរបងស្រីហៅង៉ែង ពេញមាត់ ហើយខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ដែរ តែទឹកលិចខ្លាំងហើយម៉ូតូច្រើនហើយ ក៏សាចទឹកដាក់ គ្រាន់តែរឿងពិន នឹងសោះ ហេតុអីមិនចេះ អធ្យាស្រ័យឲ្យគ្នា» ៕