ជាងសំណង់២នាក់ រងរបួសធ្ងន់ ខណៈកំពុងធ្វើផ្ទះ ត្រូវជញ្ជាំងរលំសង្កត់ពីលើ
សន្តិសុខសង្គម
103

ខេត្តពោធិ៍សាត់៖ ជាងសំណង់ចំនួន០២នាក់ កំពុងសាងសង់ផ្ទះជូនម្ចាស់ទីតាំង ស្រាប់តែត្រូវជញ្ជាំងដែលបានរៀបរួចហើយ បាក់រលំសង្កត់ពីលើ បណ្តាលឲ្យរងរបួសធ្ងន់ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរជាតិ ។

ហេតុការណ៍នេះ​បានកើតឡើងនៅភូមិ ពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២និង៤៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសពីរនាក់ ជាជាងសំណង់ បានមកធ្វើការសាងសង់ផ្ទះ ឲ្យម្ចាស់ទីតាំងស្ថិតក្នុងភូមិ.ឃុំខាងលើ ដោយពេលកំពុងសាងសង់បុរសជាជាងម្នាក់ បានផ្អែកនឹងជញ្ជាំងដែលបានរៀបរួច ខណៈនោះ ជញ្ជាំងនោះ ស្រាប់តែបាក់រលំសង្កត់ជាងសំណង់ទាំងពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា បុរសជាជាងសំណង់ទាំងពីរនាក់ ទី១ឈ្មោះ លី សុខនេន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ ទី២ឈ្មោះ វង់ ថុល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ អ្នកទាំងពីរមានទីលំនៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្នជនរងគ្រោះសមត្ថកិច្ច បានជួយ សង្គ្រោះរួចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕


Telegram