រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់ បុរសម្នាក់ បានជិះម៉ូតូឡើងវ៉ារថយន្តមិនផុត វ៉ាក់ជាមួយកង់បីឃ្លុបដឹកទំនិញមួយគ្រឿងដែលបើកបញ្ច្រាសទិសគ្នា អែបៗកៀករថយន្តបំណងដូចជាចង់ឆ្លង ក៏ដួលម៉ូតូ ខ្ទាតមនុស្សចូលក្រោមកង់រថយន្តសណ្តោងរម៉កធុនធំ ក្នុងបើកស្របគ្នា ចាប់ហ្វ្រាំងមិនទាន់ កិនខ្ទេចក្បាលធ្លាយខួរ ស្លាប់យ៉ាងរន្ធត់បំផុត ទុកឲ្យសាច់ញាតិទ្រហ៊ោយំបោកខ្លួន ខណៈម្តាយវ័យចំណាស់ អុជធូបហៅព្រលឹងកូន កូនអើយកូន! ទៅផ្ទះយើងវិញ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២៣ លើផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ក៏ដូចជាកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញពីហេតុការណ៍ទាំងស្រុងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ឈ្មោះ ផាន លីហៀង ភេទប្រុស អាយុ៣៤ឆ្នាំ អាស័យដ្ឋាន ភូមិព្រះស្តេច ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង បានជិះម៉ូតូមួយគ្រឿង ម៉ាកC125 ពណ៌ខ្មៅផ្លាកលេខ ភ្នំពេញ 1GI 9796 ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏ឡើងវ៉ារថយន្តសណ្តោងរម៉កធុនធំ ម៉ាក FUSO ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ3A1877 បើកបរដោយឈ្មោះ ផាន់ កក្តា ភេទប្រុស អាយុ២៦ អាស័យដ្ឋានភូមិត្រពាំងស្មាច់ ឃុំព្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបើកស្របគ្នាពីកើតទៅលិច មិនផុត ម៉ូតូក៏វ៉ាក់ជាមួយកង់បីឃ្លុបដឹកទំនិញមួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នា អែបៗកៀករថយន្តបំណងដូចជាចង់ឆ្លង ទើបដួលម៉ូតូ ខ្ទាតមនុស្សចូលក្រោមកង់រថយន្តសណ្តោងរម៉កធុនធំ ចាប់ហ្វ្រាំងមិនទាន់ កិនខ្ទេចក្បាលធ្លាយខួរ ស្លាប់យ៉ាងរន្ធត់បំផុត ទុកឲ្យសាច់ញាតិទ្រហ៊ោយំបោកខ្លួន ខណៈម្តាយវ័យចំណាស់ អុជធូបហៅព្រលឹងកូន កូនអើយកូន! ទៅផ្ទះយើងវិញ ។ ចំណែករថយន្តនិងអ្នកបើកបរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ។
ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ច ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីស្រុកកំណើត ខណៈម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ