ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាដើរលួចយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចក្រុងដូនកែវ បង្ក្រាបនិងឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាព ចូលលួចកាត់ត្រយ៉ូវសោរទ្វាបន្ទប់ទីចាត់ការរបស់សាលាបឋមសិក្សាបារាយណ៍ លួចយកសម្ភារៈអស់មួយចំនួន កាលពីវេលាម៉ោង ១១និង ៣០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៣ នៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
ក្នុងនោះសម្ភារៈបាត់បង់រួមមាន ៖ ម៉ាស៊ីនព្រីនធឺរម៉ាក EPSON ពណ៌ខ្មៅ ចំនួន០១គ្រឿង ,ស្ទីកឃឺរ ម៉ាកBT AUX ពណ៌ខ្មៅ ចំនួន០១គ្រឿង ,ឧបករណ៍បញ្ជូលភ្លើងកុំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនធឺរចំនួន០២ខ្សែ។
ក្រោយធ្វើសកម្មភាពជនសង្ស័យខាងលើបានយកសម្ភារៈគេចខ្លួន។ លុះដល់ម៉ោង០៧ថ្ងៃទី២៩ ខែឆ្នាំដដែល ទើបជនរងគ្រោះឈ្មោះ ជ័យ ស៊ន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិខាន់ខាវ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ដើម្បីជួយអន្តរាគមន៍។
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះខាងលើលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ចុះទៅដល់កន្លែងកើតហេតុធ្វើការស៊ើបអង្កេតស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាលុះដល់ម៉ោង៩ ថ្ងៃទី២៩ ខែឆ្នាំដដែល ទើបកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ញេប តូម៉ន ហៅហុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិនិងសង្កាត់កេីតហេតុខាងលើ យកមកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវដើម្បីសាកសួរ។
ក្រោយធ្វើការសាកសួរទើបសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវបន្តរកមុខសញ្ញាដែលពាក់ព័ន្ធ រហូតដល់វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៩ ខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ញ៉ាវ សូប៉ាយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិនិងសង្កាត់កេីតហេតុខាងលើ(អ្នកធ្វើសកម្មភាពកាត់សោរបន្ទប់ទីចាត់ការ) យកមកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីសាកសួរដោយជនសង្ស័យឈ្មោះ ញ៉ាវ សូប៉ាយ បានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពចូលលួចកាត់សោរបន្ទប់ទីចាត់ការ និងបានលួចយកសម្ភារៈខាងលើទៅលាក់ទុកនៅក្នុងព្រៃខាងក្រោយផ្ទះរបស់គេ។
ពេលនេះជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានធ្វើការកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យខាងលើទៅការិយាល័យជំនាញ នៃស្នងការដ្ឋានចាត់ការបន្តតាមនីតិវិធីច្បាប់៕ អែល វិចិត្រ